កូរ៉េខាងត្បូងថា កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ចូលសមុទ្រ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a37-9

a38-9

អន្តរជាតិ៖ នៅថ្ងៃអង្គារនេះយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន មានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថា យោធារបស់ខ្លួនចាប់បានសញ្ញានៃមីស៊ីលគ្រូសជាច្រើនគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅកាន់សមុទ្រខាងលិចរបស់កូរ៉េខាងជើង នៅម៉ោង ៧:០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។ កាលពីថ្ងៃចន្ទកូរ៉េខាងជើងបានអះអាងថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីចំនួន ២គ្រាប់ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃអាទិត្យ។ មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីនេះមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីសប្ដាហ៍មុនកូរ៉េខាងជើងក៏បានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះដែរ។ គួរបញ្ជាក់ថា ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្ដមីស៊ីលគ្រូសមិនត្រូវបានហាមឃាត់នៅក្រោមទណ្ឌកម្មសព្វថ្ងៃរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងនោះទេ៕

Comments

Related posts