ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពេជ្រាដា ស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ចុះដោះស្រាយបញ្ហានានា ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពេជ្រាដា បានមានប្រសាសន៍ នៅក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាល នីតិកាលទី៧ ចុះមូលដ្ឋានស្រុកពេជ្រាដា និងឃុំទាំងបួន ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានបញ្ជាក់ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនាពេលនេះ ដើម្បីបន្តចូលរួមសហការគ្នា ក្នុងការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម បន្ថែមថា ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នា ក្នុងការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ឱ្យបានពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានា ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបន្តចូលរួមអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីបញ្ហាអនាម័យបរិស្ថាន ការកាត់បន្ថយថង់ផ្លាស្ទិក និងការទុកដាក់សំរាមនានាឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យស្រុក ក៏ដូចជាខេត្តរបស់យើង មានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តកាន់តែច្រើនឡើងបន្ថែមទៀត។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានឱ្យដឹងថា ក្រោយពីបានរៀបចំបង្កើតសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពេជ្រាដា កាលពីឆ្នាំ២០២០រួចមក ក្រុមការងារបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួនជាពិសេស សកម្មភាពរួមគ្នា ទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមគ្នាធ្វើការ ដោះស្រាយបញ្ហាប្រឈមនានា នៅមូលដ្ឋាន ដែលទទួលបានតាមរយៈការរៀបចំវេទិកាសាធារណៈ នៅ ថ្នាក់ឃុំ ការចុះជួបសំណេះសំណាលសួរសុខទុក្ខ និងការចូលរួមកម្មវិធីផ្សេងៗ ជាមួយប្រជាពលរដ្ឋ ជាក់ស្ដែង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ បានប្រជុំផ្ទៃក្នុង និងបានចូលរួម សកម្មភាពក្នុងព្រឹត្តិការណ៍នានា នៅមូលដ្ឋានជាច្រើនលើក ដោយបានចុះជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋតាមខ្នងផ្ទះសរុប ២៨លើក និងបានរៀបចំវេទិកាសាធារណៈ ចំនួន ២៥លើក មានប្រជាពលរដ្ឋចូលរួម ចំនួន ១,៤៩៨នាក់ ក្នុងនោះ ទទួលបាននូវសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងសរុបចំនួន ១៤៨ករណី ពាក់ព័ន្ធវិស័យចំនួន២០ ស្មើនឹង ១៤៨ ករណី បានដោះស្រាយរួចចំនួន ៤១ករណី (ស្មើនឹង ២៨ %) កំពុងដោះស្រាយ ៨២ ករណី (ស្មើនឹង ៥៥%) បញ្ហានៅសេសសល់ មិនទាន់ដោះស្រាយចំនួន២៥ករណី(ស្មើនឹង១៧%)៕ photo_2024-02-15_13-33-43photo_2024-02-15_13-33-58photo_2024-02-15_13-34-09photo_2024-02-15_13-34-15

photo_2024-02-15_13-34-20

Comments

Related posts