នាយករដ្ឋមន្រ្តីហូឡង់ប្រាប់សហគមន៍អឺរ៉ុបឱ្យឈប់គិតពីលោក ត្រាំ ហើយផ្តោតលើការជួយអ៊ុយក្រែនវិញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0750

IMG_0753

អន្តរជាតិ៖ លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ដែលត្រូវបានគេរំពឹងអាចនឹងក្លាយជាអ្នកដឹកនាំបន្ទាប់របស់អង្គការណាតូ (NATO) បាននិយាយថា អឺរ៉ុបគួរតែបញ្ឈប់ការវែកញែកអំពីលោក ដូណាល់ ត្រាំ ហើយផ្តោតលើអ្វីដែលខ្លួនអាចធ្វើបានដើម្បីអ៊ុយក្រែនវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានធ្វើឱ្យអឺរ៉ុបមិនសប្បាយចិត្តជុំវិញការនិយាយថាប្រសិនបើលោកឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខ លោកនឹងមិនផ្តោតលើការពារសម្ព័ន្ធមិត្តណាតូដែលបរាជ័យក្នុងចំណាយផ្នែកការពារជាតិនោះទេ។ អំឡុងសន្និសីទទីក្រុងមុយនិកនៃប្រទេសអាល្លឺម៉ង់ លោក Rutte គូសបញ្ជាក់ថា "យើងគួរតែឈប់គិតពីសម្តីរបស់លោក ត្រាំ ទៀតទៅហើយអាស្រ័យលើប្រជាជនអាមេរិកយើងត្រូវធ្វើការជាមួយអ្នកកាន់តំណែងផ្ទាល់"។ លោក Rutte បានបន្ថែមថា អឺរ៉ុបគួរតែចំណាយថវិកាបន្ថែមលើវិស័យការពារជាតិ និងបង្កើនការផលិតគ្រាប់រំសេវ តែមិនមែនដោយសារតែលោក ត្រាំ អាចនឹងត្រឡប់មកវិញទេ។ អឺរ៉ុប គឺត្រូវការបង្កើនសមត្ថភាពគាំទ្រអ៊ុយក្រែនពីព្រោះវាក៏ស្ថិតក្នុងផលប្រយោជន៍របស់ខ្លួន។ គួរបញ្ជាក់ថា លោក Rutte បានប្រកាសចាកចេញពីឆាកនយោបាយហូឡង់ កាលពីខែកក្កដា ឆ្នាំ២០២៣។ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានចូលកាន់តំណែងតាំងពីឆ្នាំ២០១៤ ហើយនឹងត្រូវចាកចេញពីតំណែងនៅខែតុលា ឆ្នាំ ២០២៤។ មុនពេលមានការសម្រេចលើលោក Stoltenberg ក្រុមមន្រ្តីការទូត និយាយថា លោក Rutte ទទួលបានការគាំទ្រច្រើន៕

Comments

Related posts