ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប កើនលើស ២៩,០០០នាក់ដោយ ១០៧នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-54

a4-58

អន្តរជាតិ៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានប្រកាសថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនដែលបណ្តាលមក ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាបានកើនលើស ២៩,០០០ នាក់ ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង  កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និងរងរបួសចំនួន ១៤៥ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះនាំមកនូវចំនួន ២៩,០៩២ នាក់បានស្លាប់ និង ៦៩,០២៨ នាក់រងរបួសចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ របាយការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ក្នុងពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះបន្ទាន់។ អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០ នាក់ និងជាង ២០០ នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

Comments

Related posts