កម្លាំងអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀន ជាង ៨ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យប្រមាណចំនួន២ម៉ឺននាក់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ២ ២០២៤

IMG_0906

IMG_0904

IMG_0905

IMG_0901

IMG_0902

ភ្នំពេញ ៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ បានឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកនេះ កម្លាំងអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង ៨ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យប្រមាណចំនួន២ម៉ឺននាក់ រួមទាំងមធ្យោបាយ សម្ភារៈ វត្ថុតាងជាច្រើនទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន  ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ បានមានប្រសាសន៍ថា ការអនុវត្តវិធានការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង ៨ពាន់ករណី លើ៦.៣៩០ករណី ច្រើនជាង១.៦៧៣ករណី កើនលើស ២៦,១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ លើ១៥.០០២ នាក់  ច្រើនជាង  ៥.០០០នាក់ កើនលើស ៣៣,៣៣% ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថា កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ ចាប់បានគ្រឿងញៀនបានចំនួន២តោន៩៨៨គីឡូក្រាម៩០២,៨៣ក្រាម លើ១៤តោន  ៩១៩គីឡូក្រាម ៤៦៧,០៧ ក្រ តិចជាង១១ តោន ៩៣០គីឡូក្រាម ៥៦៤,២៤ក្រាម គឺប្រមាណតែ១ភាគ៥ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២។ បន្ថែមពីនោះទៀត រឹបអូសសារធាតុគីមីផ្សំបានចំនួន ១តោន ៤៦៩គីឡូក្រាម លើ៤៧៦តោន១១៦គីឡូក្រាម តិចជាង ៤៧៤តោន៦៤៧គីឡូក្រាម គឺតិចជាងប្រមាណជាង៤០០ដង បើធៀបនឹងឆ្នាំ២០២២។
« ការអនុវត្តច្បាប់ កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់រួមមាន អគ្គស្នងការនគរបាលជាតិ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះបង្រ្កាបបានសរុបចំនួន ៨.០៦៣ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ ចាប់យកវត្ថុតាង ដែលមានគ្រឿងញៀនសរុបចំនួន២តោន៩៨៨គីឡូក្រាម »។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានឱ្យដឹងទៀតថា ក្រៅពីការរឹបអូសសារធាតុគីមីផ្សំ រួមទាំងមធ្យោបាយ សម្ភារៈ និងឧបករណ៍ កែច្នៃផលិតគ្រឿងញៀនជាច្រើនបញ្ជូនទៅសាលាដំបូងរាជធានី ខេត្តហើយ សមត្ថកិច្ចបានដុតកម្ទេចនិងបន្សាបនូវគ្រឿងញៀន និងសារធាតុពាក់ព័ន្ធ បានសរុបចំនួន ៣៤៧តោន ៣៣៨គីឡូក្រាម ៩៤០,០៧ ក្រាម និង១.២០៧ គ្រាប់។
ឯកឧត្តមបានបន្ថែមទៀតថា អាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយ អប់រំ  បានធ្វើសកម្មភាពប្រកបដោយវិធី សាស្ត្រជាក់ស្តែង  តាមមធ្យោបាយសមស្រប  ហើយគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមានចំនួន ១៥.៧៩៨.៩១៤ អង្គ/នាក់ (ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង) ធៀបឆ្នាំ២០២២ ៕

Comments

Related posts