រដ្ឋសភាកម្ពុជា និងសភាឡាវជំរុញការឯកភាពកំណត់បង្គោលព្រំដែននៅសេសសល់ឱ្យបានចប់សព្វគ្រប់

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០២ ២០២៤

IMG_1781

IMG_1782

IMG_1780-1

IMG_1783

IMG_1784

រដ្ឋសភាកម្ពុជា និងសភានៃប្រទេសឡាវ បានជំរុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរ ឯកភាពគ្នាក្នុងការ កំណត់បង្គោលព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលឆាប់ៗនេះ។
ការជំរុញ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា និងឯកឧត្តម ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍សភាឡាវ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ក្នុងឱកាសគណៈប្រតិភូសភាឡាវមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជា។
ភាគីឡាវ បានបញ្ជាក់ថា បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភាឡាវមកកាន់កម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិឡាវ និងកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ចង់សិក្សាស្វែងយល់ពីគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍវិស័យ ទាំងនោះ ឱ្យមានការរីកចម្រើនឡើង។
គណៈកម្មការចម្រុះព្រំដែននៃប្រទេសកម្ពុជា និងប្រទេសឡាវ បានជួបប្រជុំចរចាគ្នាចំនួន១៨៨លើក ចាប់តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៩ ដោយសម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនបានប្រមាណ ជា ៨៦ភាគរយ ស្មើនឹង៤៦៥គីឡូម៉ែត្រនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណជា៥៤០គីឡូម៉ែត្រ ក្នុងនោះភាគីទាំងពីរបោះបង្គោលព្រំដែនបានចំនួន១២១បង្គោលនៅលើដីជាក់ស្តែង នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ 
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ បានកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យ ខ្សែព្រំដែនរួមប្រមាណ៨៦ភាគរយ ដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ និងសម្រាប់ប្រើជាឯកសារ ផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ ប្រមាណជាង ១៤ភាគរយទៀត ហើយត្រូវសភាផ្តល់ការអនុម័ត និងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ប្រោសប្រទានព្រះរាជក្រឹត្យផ្តល់សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែននេះ៕

Comments

Related posts