បទយកការណ៍៖ យុវជនជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការទ្រទ្រង់វប្បធម៌ជាតិឱ្យរីកចម្រើន

វិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី  សន សាវិន  ថ្ងៃទី៥ .០៣ .២០២៤

 

    លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី!

«យុវជនដើម្បីវប្បធម៌ជាតិ» ជាប្រធានបទនៃទិវាវប្បធម៌ជាតិ៣មីនាឆ្នាំ២០២៤។

ប្រធានបទនេះលើកឡើងក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ។ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

  ថ្ងៃទី៣ខែមីនាឆ្នាំ២០២៤ គឺជាខួបលើកទី២៦ នៃទិវាវប្បធម៌ជាតិ។ថ្ងៃនេះជាទិវារំលឹកដល់គុណូបការ: បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា៖ «ទិវាវប្បធម៌ជាតិ» លើកទី២៦ ក្រោមប្រធាន បទ«យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ មកពីតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ឯកឧត្តមពន្យល់ថា«ទិវាវប្បធម៌ជាតិ»៣ មីនា ឆ្នាំ២០២៤នេះ ចំថ្ងៃអាទិត្យ ដូច្នេះ រាជរដ្ឋាភិបាលក៏បានលើកពេលទៅធ្វើពិធីធំ នៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤វិញ ដើម្បីសម្រួលដល់អ្នកពាក់ព័ន្ធបានចូលរួមច្រើន។ ឯកឧត្តមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបន្តជ្រើសរើសប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដូចឆ្នាំមុនដែរក៏ព្រោះថាយុវជនជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឱ្យរីកចម្រើនតទៅអនាគតខាងមុខទៀត។

សំឡេង១៖ «បច្ចុប្បន្ន យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។ បើពិនិត្យក្នុងសកម្មភាពផ្សេងៗ មានការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ឃើញមានយុវជនច្រើន»។

ឯកឧត្តម ហាប់ ទូច ថាកម្លាំងយុវជនគឺជាសក្ដានុពលធនធានមនុស្សដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរួមចំណែកអភិវឌ្ឍន៍និងអភិរក្សវប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋាន គ្រឹះរបស់សង្គមជាតិផងដែរ។

សំឡេងទី២«ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលមានច្រើន គួរជាទីមោទនៈ ខណៈការតែងនិពន្ធ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ មួយវិញទៀត ព្រឹត្តិការណ៍ភាពយន្ត យុវជនមានការចូលរួមច្រើនណាស់ដែរ បើអ្នកស្ម័គ្រចិត្តចូលរួមច្រើនមែនទែន។ អ្វី ដែលយើងនឹងធ្វើ គឺបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ខណៈជាទូទៅយុវជនចូលរួមច្រើនណាស់»។4348A5B8-808A-42A0-B44D-605DDD99D75E

  ជាតិសាសន៍មួយតែងតែមានមរតកវប្បធម៌ទាំងរូបីនិងអរូបី ដែលសម្បត្តិទាំងអស់នេះ បានបន្សល់ទុកដោយដូនតាយើងដែលលោកបានបង្កើត ថែរក្សា និងការពារទុកមកដល់កូនចៅ ជំនាន់ក្រោយ។

លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើង សង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា៖ ប្រទេសកម្ពុជាពោរពេញទៅដោយវប្បធម៌រូបីនិងអរូបី ដែលវប្បធម៌រូបីយើងអាចមើលឃើញផ្ទាល់ ប៉ះ និងចាប់បាន ដូចជាប្រាសាទ សំណង់បុរាណ វិហារ បុរាណ និងវត្ថុបុរាណផ្សេងៗទៀតដែលបុព្វបុរសយើងបានបន្សល់ទុក។

សំឡេងទី៣«ក្រៅពីវប្បធម៌រូបីយើងមាន វប្បធម៌អរូបី ដែលវានៅជាប់ជាមួយជនជាតិរបស់ យើងជាព្រលឹង ជាជំនឿ ដែលមាននៅជុំវិញសង្គមរបស់យើងតែម្ដង ដែលប្រពៃណីទាំងអស់ នេះត្រូវបានផ្សារភ្ជាប់ ទទួលការគោរពប្រតិបត្តិដោយប្រជាជនរបស់យើង តាំងពីសម័យមុន រហូតមកដល់សម័យបច្ចុប្បន្ន ដែលយើងជាកូនខ្មែរ ទាំងប្រជាជន យុវជនដែលមានភារកិច្ច ក្នុងការការពារយើងលើកតម្លៃ»។45AB98B6-112D-4087-A1B5-0C23653C8758

លោកសំណាង  ជាប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀងបានឱ្យដឹងថា៖ ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាមួយដ៏ល្អ ដែលជាការដាស់ស្មារតីដល់យុវជនខ្មែរទាំងស្រីទាំងប្រុស បានដឹង បានស្ដាប់ បានទស្សនា ដើម្បីក្រើនរំឭកពួកគាត់ឱ្យបានយល់ពីវប្បធម៌ប្រពៃណីខ្មែរយើងកាន់តែច្បាស់ និងឱ្យមានគំនិតចេះស្រឡាញ់ និងនាំគ្នាថែរក្សាឱ្យបានគង់វង្ស។

សំឡេងទី៤«ខ្ញុំក៏ជាអ្នកអភិរក្សវប្បធម៌ដែរ គ្រាន់តែជាលក្ខណៈទ្រង់ទ្រាយតូច ដោយសារខ្ញុំ ចេះតន្ត្រី ចេះខ្លុយ ចឹងទេក្នុងនាមជាយុវជនខ្ញុំនឹងថែរក្សានូវកេរវប្បធម៌ពីដូនតាទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ក្នុងនាមជាយុវជនមួយរូបយើងត្រូវយល់ដឹងពីវប្បធម៌របស់យើងមួយចំណុច ពី២ចំណុច បើមិនបានយល់ដឹងទាំងអស់។

  រីឯលោកពន្លឺ នៅខេត្តកំពង់ឆ្នាំងវិញបានលើកឡើងថា៖ដើម្បីថែរក្សាវប្បធម៌ឱ្យបានគង់វង្ស ក្នុងនាមជាកូនខ្មែរ ដែលមានវប្បធម៌ប្រពៃណីដ៏ផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់ឱ្យអ្នកជំនាន់ ក្រោយបានស្គាល់បានដឹង និងបានប្រតិបត្តិតាម។

សំឡេងទី៥«ខ្ញុំសូមសំណូមពរដល់យុវជនជំនាន់ក្រោយត្រូវធ្វើយ៉ាង ណា រក្សាទំនៀមទម្លាប់វប្បធម៌សម្រាប់សង្គមជាតិរបស់យើង និងសម្រាប់យើងផ្ទាល់ដែលជាសញ្ជាតិខ្មែរ ចឹង យើងត្រូវតែថែរក្សានូវអ្វីជាអត្តសញ្ញាណរបស់ខ្លួន វាមានច្រើនណាស់ដែលយើងត្រូវរក្សា តែ យើងមិនអាចធ្វើម្ដងបានទាំងអស់ទេ គឺយើងអាចធ្វើម្ដងមួយៗ អ្វីដែលជាចំណុចសំខាន់ យើងត្រូវថែរក្សានូវចំណុចនោះឱ្យបាន ហើយយើងត្រូវតែយកបេះដូងមកធ្វើការរួមគ្នា យកការស្រឡាញ់ មកធ្វើការរួមគ្នា ដើម្បីឱ្យកើតប្រយោជន៍សម្រាប់សង្គមគ្រួសារនិងសង្គមជាតិ»។

លោកប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា៖ទោះបីបច្ចុប្បន្នបច្ចេកទេសមានការរីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះវប្បធម៌ក៏មានការហូរចូលហូរចេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបតែម្តង។ ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវស្គាល់ច្បាស់អំពីអ្វីដែលជារបស់ខ្មែរ អ្វីដែលជារបស់បរទេស ។

សំឡេងទី៦«ពាក់ព័ន្ធនូវអ្វីដែលជាការហូរចូល និងទទួលយកដោយមិនបានដឹងខ្លួននូវអ្វីជា វប្បធម៌បរទេសទេ ព្រោះយើងដឹងហើយថាយុគសម័យសកលភាវូបនីយកម្ម ជាពិសេសបរិ បទនៃការរីកចម្រើនបច្ចេកវិទ្យា៤.០ នេះគឺការហូរចូលដោយគ្មានរបាំងទេ ហើយការទទួលយក ប្រជាពលរដ្ឋយើងក៏មិនបានត្រៀមខ្លួន ឬក៏មិនដឹងខ្លួនមុនដែរ។ ដូច្នេះនេះជាបញ្ហាប្រឈម  ហើយគោលនយោបាយរបស់ក្រសួង គឺយើងមានគោលនយោបាយសំខាន់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ។ ការអភិរក្សគឺការអភិរក្សអ្វីដែលមានស្រាប់  ហើយអភិវឌ្ឍន៍នូវការ កែច្នៃប្រឌិតក្នុងវិស័យវប្បធម៌របស់យើង ។ គោលនយោបាយយើងតែងតែបណ្ដុះបណ្ដាល និងបញ្ជ្រាបនូវចំណេះដឹងទាំងអស់នេះ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប បានយល់ដឹង  ហើយនៅពេលដែលមហាជនបានយល់ដឹង  ស្គាល់អ្វីជារបស់ខ្លួន លោកនឹងស្រឡាញ់ ហើយបើ លោកស្រឡាញ់ លោកនឹងជួយថែរក្សា»។

លោកអ្នកនាងជាទីមេត្រី

ក្នុងឱកាសដ៏ប្រសើរនៃ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំ២០២៤  ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាងជ្រាលជ្រៅ រួមជាមួយ សម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹកនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។ នៅក្នុងព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ជាពិសេស ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និង ថែរក្សាការពារ អត្តសញ្ញាណជាតិ មាតុភូមិ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ។

 ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញ សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេស យុវជន ដែលជាអ្នកបន្តវេន ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការលើកស្ទួយ ការអភិរក្ស និង អភិវឌ្ឍន៏វប្បធម៌ជាតិ ។ ដើម្បីរៀបចំទិវាវប្បធម៌ជាតិឆ្នាំនេះ ឱ្យបានកាន់តែទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ បានយល់ដឹងកាន់តែច្បាស់ អំពីអត្ថន័យនៃទិវានេះ ក៏ដូចជា ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ គ្រប់ក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស ក៏ដូចជា សហគមន៍ខ្មែរនៅបរទេស ចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ ឬសកម្មភាពសមរម្យនានានៅតាមទីតាំងរបស់ខ្លួន និងតាមបណ្តាញសង្គមនានា ។ ចំណែកអ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់សមរម្យតាមបែបប្រពៃណីជាតិ ។ ចំពោះ ពេលវេលាសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិលើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ៕

6B586AA0-BBC5-4913-8306-B9E8D1B320ED5248B242-ED11-4742-97FE-66ACC8879549D952C4DE-799F-478D-A96C-7AFEAF0E46F4A6BAD4F0-1EA0-409E-8E91-A77412BA53C3

Comments

Related posts