វិស័យទេសចរណ៍ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ប្រទេស

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៣ ២០២៤

a5-222

a8-198

a6-212

a7-212

ភ្នំពេញ៖ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឱ្យដឹងថា វិស័យទេសចរណ៍ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ប្រទេស ដើម្បីជំរុញវិស័យមួយនេះឱ្យមានការងើបឡើងវិញ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយ មេដឹកនាំប្រទេសជាមិត្ត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ជាច្រើនផងដែរ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ  បានបន្តថា អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយសម្រាប់នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ អូស្ត្រាលីគ្រោងនឹងសហការគ្នាជាមួយកម្ពុជា នៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្មត្រូវលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកម្ពស់ជំនាញផ្នែកវិទ្យាសាស្ត្រ និងវិស័យទេសចរណ៍។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍កម្ពុជា-អូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលដៅជំរុញការពង្រឹងទំនាក់ទំនងនៅលើវិស័យទេសចរណ៍។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់បន្ថែមថា ចំពោះវិស័យទេសចរណ៍នេះក៏ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ទៀត ដូចជា កម្ពុជា-វៀតណាម បានជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣ គោលដៅ១ ដែលជាការសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-វៀតណាម+ប្រទេសមួយទៀតក្នុងតំបន់។  « ជាលទ្ធផលជាក់ស្តែង កម្ពុជា-វៀតណាម ជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣ គោលដៅ១ ពោលគឺជារូបមន្តសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-វៀតណាមបូក ប្រទេសមួយទៀតក្នុងតំបន់។ ជាមួយសឹង្ហបុរីវិញ សម្តេចធិបតីនិងសមាភាគី  លើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម ក្នុងគោលដៅធ្វើឱ្យទេសចរណ៍នៃប្រទេសទាំង២ងើបឡើងវិញរហ័ស ឆ្លងចេញឱ្យឆាប់រហ័សពីសករាជបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ ដូចគ្នា កម្ពុជា-ឥណ្ឌូនេស៊ីលើកទឹកចិត្តឱ្យស្ថាប័នជំនាញនិងវិស័យឯកជន សិក្សាពីលទ្ធភាពនៃការតភ្ជាប់ពីតំបន់ទេសចរណ៍រវាងប្រទេសទាំង២។ ដូចគ្នានេះដែរ កម្ពុជា-ហ្វីលីពីន ចង់ឃើញវិស័យឯកជនទាំងពីរ ប្រទេសសហការគ្នាដើម្បីជំរុញលំហូរទេសចរណ៍ និងពិនិត្យមើលលទ្ធភាពនៃការបង្កើនជើងយន្តហោះហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំង២ »៕
ចំណែកឯកិច្ចពិភាក្សាទ្វេភាគីរវាង កម្ពុជា-សិង្ហបុរី បានលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម។ រីឯកិច្ចពិភាក្សាទ្វេភាគីរវាង កម្ពុជា-ឥណ្ឌូនេស៊ី គឺលើកទឹកចិត្តឱ្យស្ថាប័នជំនាញ និងវិស័យឯកជនសិក្សាពីលទ្ធភាពនៃការតភ្ជាប់ពីតំបន់ទេសចរណ៍រវាងប្រទេសទាំង២ផងដែរ។ បន្ថែមពីនោះទៀត ចំពោះកិច្ចពិភាក្សាទ្វេភាគីរវាង កម្ពុជា-ហ្វីលីពីន គឺបានបង្ហាញបំណងចង់ឃើញវិស័យឯកជននៃប្រទេសទាំង២ សហការគ្នាដើម្បីជំរុញលំហូរទេសចរណ៍ និងពិនិត្យមើលលទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំង២៕

Comments

Related posts