អនុស្សរណៈនៃការយោគយល់ចំនួន៤ត្រូវបានចុះហត្ថលេខា ក្នុងវេទិការរដ្ឋាភិបាលឌីជីថលលើកទី១

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១១ ៣ ២០២៤

a-203

a5-224

a2-228

a3-235

a1-226

ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់ចំនួន៤ត្រូវបានចុះហត្ថលេខា ក្នុងវេទិការដ្ឋាភិបាលឌីជីថលលើកទី១ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកល នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសបើកជាផ្លូវការវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងវេទិការដ្ឋាភិបាលឌីជីថលលើក ទី១ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន៤ រួមមាន៖
ទី១ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យានិង ទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទី២ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ ទី៣ អនុស្សរណៈនៃការយោគយល់ ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងមហាផ្ទៃ និង សន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ ទី៤ អនុស្សរណៈនៃការយោគយល់ស្តីពី មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មាន ជាតិកូរ៉េ (NIA)។
សូមជម្រាបថាវេទិការដ្ឋាភិបាលឌីជីថលនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ចែករំលែកឧត្តមានុវត្តក្នុងបរិវត្តកម្មឌីជីថល កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថលលើកកម្ពស់សេវាកម្ម ដែលផ្តោតលើពលរដ្ឋជាគោល និងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យនៅក្នុងវិស័យសាធារណៈ។ វេទិកានេះមានគោលបំណងស្វែងរកបច្ចេកវិទ្យា ដែលកំពុងលេចធ្លោលើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្ដាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល។ វេទិកានេះនឹងកៀរគរភាគីពាក់ព័ន្ធ ក្នុងស្រុក និងអន្តរជាតិនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា៕

Comments

Related posts