រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ច្រាបយេនឌ័រក្នុងវិស័យបរិស្ថាន

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៣ ០៣ ២០២៤

IMG_3878

IMG_3877

IMG_3876-1

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន សំដៅលើក កម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងវិស័យបរិស្ថាន។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំជាស្រ្តី និងមន្រ្តីរាជការជាស្រ្តី នៅក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នារសៀលថ្ងៃទី១២ ខែមីនា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន គឺមានការគិតគូរយេនឌ័រ ដូចជាផែនការយុទ្ធសាស្ត្រ «ការអភិវឌ្ឍជីវភាពមូលដ្ឋាន» ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដែលគិតគូរពីជីវភាព និងសុខុមាលភាពរបស់ស្ត្រីជាចម្បង។

ឯកឧត្តម បានថ្លែងថា ឯកឧត្តមអាចធ្វើការពេញដៃពេញជើង ដើម្បីបម្រើជាតិមាតុភូមិបាន គឺដោយសារមានមេផ្ទះដ៏ឆ្នើម ភរិយាដ៏ល្អ និងជាម្តាយដ៏ប្រពៃ ផ្តល់ភាពកក់ក្តៅដល់កូនៗក្នុងក្រុមគ្រួសារ ឈរនៅពីក្រោយជួយគាំទ្រ និងជ្រោមជ្រែង ទើបឯកឧត្តមរដ្ឋមន្រ្តី មានឱកាសបានធ្វើការបម្រើប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជា។  សារនេះ ជាការលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីជំរុញ និងផ្តល់ឱកាសឱ្យចំនួនស្ត្រីជាថ្នាក់ដឹកនាំក្នុងក្រសួងមានការកើនឡើង។ 

ឯកឧត្តម មានប្រសាសន៍ថា ជាការពិតណាស់ តួនាទីដ៏មានសារៈសំខាន់របស់ស្រ្តី ដែលមិនត្រឹមតែជាមាតា ជាភរិយា ជាកូនស្រី ជាបងស្រី ជាប្អូនស្រី សម្រេចបាននូវបរិយាកាសកក់ក្តៅក្នុងក្រុមគ្រួសារ និងសង្គមជាតិតែប៉ុណ្ណោះទេ ស្ត្រីថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការងារដឹកនាំការងារគ្រប់គ្រង និងការអនុវត្តភារកិច្ចយ៉ាងសកម្មក្នុងស្ថាប័ន តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងសម្រេចបាននូវស្នាដៃជាច្រើនក្នុងបេសកកម្ម ថែរក្សាបរិស្ថាន សន្តិសុខ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំនេះ ស្របគ្នានឹងរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ ដើម្បីកសាងសង្គមស៊ីវិល័យ មួយដែលមានប្រជាពលរដ្ឋទាំងស្ត្រី បុរស អាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន និងភាពជឿទុកចិត្ត សុវត្ថិភាព ព្រមទាំងរក្សាបានអត្តសញ្ញាណវប្បធម៌ជាតិ៕

Comments

Related posts