គម្រោងវិនិយោគចំនួន៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត កាលពីខែកុម្ភៈកន្លងទៅនេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ៣ ២០២៤

IMG_3908

IMG_3906

IMG_3905

IMG_3904

ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន ៣៧ ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែកុម្ភៈកន្លងទៅនេះ និងបានបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែង។
  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន៣៧គម្រោង នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ប្រមាណ ៣៨ពាន់កន្លែង។
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺទី១. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០MW តាមរូបភាព BOT ដែលមាន ទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៤៤០លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
ទី២. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំង ស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ជាង ១០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។ទី៣. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង និងទី៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៤៣កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តទៀតថា ចំពោះគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺទី១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥ កន្លែង ។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្តប់ទុនវិនិយោគសរុប ចំនួន ៥៨,៤១% ខណៈទុនវិនិយោគមានប្រភពមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរី មានចំនួន ៤៣១%, និងប្រទេសវៀតណាមមានចំនួន ៤០៩%៕

Comments

Related posts