អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងជំរុញការធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជីនិងគ្រប់គ្រងទិន្នន័យ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៣ ២០២៤

IMG_4123-1

IMG_4134

IMG_4124-1

IMG_4133-1

IMG_4128-1

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាននិងកំពុងរៀបចំ សេចក្ដីព្រាងក្របខណ្ឌ គោលនយោបាយ សេចក្ដីព្រាងផែនទីបង្ហាញផ្លូវ និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រង ទិន្នន័យ ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ក្នុងកម្មវិធីបើក សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤ កាលពីពេលថ្មីនេះ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញដំណើរដោយស្វាហាប់ តាមរយៈការដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើមនុស្សជាចម្បង។ 
លោកជំទាវ បានបន្តថា កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងគោលនយោបាយអាទិភាពទាំង៦ ត្រូវបានដាក់ចេញជាបន្តបន្ទាប់ដូចជា របបថែទាំសុខភាពតាមប្រព័ន្ធ មូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារងាយរងហានិភ័យ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ,យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ,កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ, គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន, និងផែនការយុទ្ធសាស្រ្ដបរិវត្ដកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ ។ 
លោកជំទាវ បានបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាព បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ការប្តេជ្ញាដ៏មុះមុត និងសកម្មភាពយ៉ាងប្រាកដប្រជារបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រព័ន្ធគាំពារ សង្គមឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ 
សំឡេង « បច្ចុប្បន្នក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម បាន និងកំពុងសម្របសម្រួលរៀបចំបញ្ចប់ការងារដ៏មានសារៈសំខាន់ មួយចំនួនទៀត ដូចជាសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ចក្ខុវិស័យឆ្នាំ ២០៣០,សេចក្ដីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា, ការរៀបចំ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការអភិវឌ្ឍនិម្មាបនកម្មសម្រាប់ការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ទៅប្រជាជនជំនាន់ ៤.០ (G2Ps 4.0) , ការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ គាំពារសង្គម និងការងារសំខាន់ៗមួយចំនួនទៀត »។
លោកជំទាវ ប៉ែន សុបភា បានឱ្យដឹងទៀតថា ជាមួយនឹងការដាក់ចេញនូវគោលនយោបាយ និងការ អនុវត្តទាំងនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានដាក់ឱ្យអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធ គាំពារសង្គម ដែលជាយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវការធ្វើប្រតិតុល្យការ ប្រសិទ្ធភាព និង តម្លាភាពនៃការអនុវត្តផងដែរ។
គួរជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរបបសន្តិសុខសង្គម និងកម្មវិធី ជាតិជំនួយសង្គមចំនួន១៦ សំខាន់ៗ ដែលមានអ្នកទទួលផលសរុបប្រមាណ ៦.៦ លាននាក់ ឬ ស្មើនឹង ៤២% នៃប្រជាជនសរុប និងដែលកំពុងពង្រីកវិសាលភាពជាបណ្តើរៗ៕

Comments

Related posts