ភ្ញៀវទេសចរជាង៥៥ម៉ឺននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ រយៈពេល៣ថ្ងៃ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

a17-21

a11-38

a12-38

a13-33

a14-33

a15-25

a16-23

MC.ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាបមាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានដើរលេងកម្សាន្តនៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំ និង តាមតំបន់ប្រាសាទឬរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ និងកោតសរសើរការរៀបចំរបស់ អាជ្ញាធរថាស្រស់ស្អាត មានរបៀបរៀបរយ និងភាពទាក់ទាញខ្លំាង។

តាមរយៈរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា រយៈពេលបីថ្ងៃនៃពិធីបុណ្យទន្លេ លើកទី៨ ចាប់ពីថ្ងៃទី ១៥-១៧ ខែ មីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ បានដើរលេង កម្សាន្តក្នុងខេត្តសៀមរាប មានប្រមាណ ៥៥៣,៧៩៤នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៣៣,៧៧០ នាក់។ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៥២០,០០០ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៩,០០០នាក់។និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានប្រមាណ ២៨១,០០០នាក់ ។
លោក សិលា អាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាខណៈពេលដើរកម្សាន្តក្នុងពិធីបុណ្យទន្លេ នាបរិវេណដងស្ទឹងសៀមរាបថា លោកពិតជាសប្បាយ រីករាយជាខ្លាំង ដែលបានឃើញមានមនុស្សអ៊ូអរច្រើនកុះករដើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យទន្លេនេះ។លោកថា ចំណែកការរៀបចំតុបតែងលម្អររបស់អាជ្ញាធរខេត្តវិញ គឺមានភាពស្រស់ស្អាត មានសណ្តាប់ធ្នាប់ ល្អ គ្មានសំរាមបោះចោលតាមដងផ្លូវឡើយ ហើយអាចទាក់ទាញទេសចរឱ្យមកកម្សាន្តនៅពេលក្រោយៗ ទៀត។
សំឡេង៖ ចាប់អារម្មណ៍ជាងគេគឺមានការលក់អីវ៉ាន់ និងការរៀបចំជិះទូកតាមទន្លេមើលទេសភាព នៅតាម ដងស្ទឹងសៀមរាប ចង់ឱ្យមានព្រឹត្តិការណ៍បែបហ្នឹងឱ្យច្រើនទៀត ព្រោះវាមានភាពអ៊ូអរ ហើយមានភ្ញៀវ មកទស្សនាច្រើន។
ចំណែកកញ្ញា អាប៊ី ហ្គូស ភ្ញៀវទេសចរជនជាតិហ្វីលីពីន ដែលមកកម្សាន្តខេត្តសៀមរាប ក្នុងឱកាសនៃ បុណ្យទន្លេបង្ហាញថា អ្វីដែលកញ្ញាបានឃើញនៅទីនេះ មានភាពស្រស់ស្អាតប្លែកៗ ។កញ្ញាបន្តថា បើសិន ជាមានឱកាស កញ្ញានិងបន្តមកកម្សាន្តនៅកម្ពុជាជាបន្តបន្ទាប់ទៀត។
 អ្វីដែលគាត់បានឃើញគាត់មានអារម្មណ៍រំភើបហើយប្លែកអារម្មណ៍ ដោយសារអ្វីដែលគាត់បាន ឃើញវាប្លែក គាត់អត់ដែលដឹងថាមានកម្មវិធីអ៊ីចឹងដូចបុណ្យទន្លេ ហើយគាត់ឃើញគ្នាយើងទាំងអស់គ្នា មានភាពសាមគ្គីគ្នា ដែលគេដាក់មក ដូចនៅកន្លែងស្តង់ផ្សេងៗមានអ្វីប្លែកៗច្រើន។ អ្វីដែលគាត់ចាប់អារម្មណ៍ជាងគេ គឺស្តង់ម្ហូបអាហារ ដោយគាត់មានឱកាសក្នុងការភ្លក្សរសជាតិម្ហូបផ្សេងៗ ដែលគាត់មិនដែលបានឃើញ។ អ្វីដែលគាត់ចង់និយាយ គាត់សង្ឈឹមថានឹងមានកម្មវិធីនេះជារៀងរាល់ឆ្នាំ ដោយសារគាត់រីករាយនិងពិធីនេះមែនទេន។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៨ រៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយមានការសម្តែងសិល្បៈ ការប្រគំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ពិព័រណ៍ម្ហូបអាហារ និងកម្មវិធីជាច្រើនថែមទៀត ព្រមទាំងមានការអុជកាំជ្រួច អបអរសាទរ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ បង្កលក្ខណៈសប្បាយរីករាយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរយៈពេល៣ថ្ងៃផងដែរ៕

Comments

Related posts