រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៨ ០៣ ២០២៤

a23-11

a24-10

a25-9

a26-8

a27-6

ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរាគមន៍ ឃ្លុំដីទំហំ ៣៩៤២,៧៣ ហិកតា។ ជាមួយគ្នានេះ បានឃុំខ្លួនជនសង្ស័យ០១ម្នាក់នៅតុលាការសាលា ដំបូង ខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានមួយចំនួនថែមទៀត។
ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃ គណៈ អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តី ជំនាញពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស  ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះ  បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្រោយការដាក់ បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ ថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
លើសពីនេះ ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។
ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាត បៃតង និងចីរភាព ដោយក្នុង នោះរួមមាន៖ ១៖ ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវ វប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស, ២៖ ពង្រឹងកិច្ចសហការជាមួយគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតល្មួត ទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ, ៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក, និង៤៖ ជំរុញការដាំស្តារ ព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕

Comments

Related posts