គណបក្សភឿថៃ ថ្លែងថា កម្ពុជា-ថៃ នឹងប្រើប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រឡះលើវិស័យទេសចរណ៍

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a24-63

a25-55

a20-78

a21-79

a23-65

a22-71
 
ភ្នំពេញ៖ គណបក្សភឿថៃ ថ្លែងថា កម្ពុជា-ថៃ នឹងប្រើប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រឡះលើវិស័យទេសចរណ៍ ដើម្បីជំរុញកាអភិវឌ្ឍលើកកម្ពស់ផលប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិរវាងប្រទេសទាំងពីរ ។
 

  ក្នុងឱកាសដែលសម្តេចវិបុល- សេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបអំពីការងារមួយចំនួន ដែលប្រទេសទាំងពីរនឹងជំរុញអនុវត្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសទាំងអស់ក្នុងតំបន់ រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ក្នុងនោះប្រទេសទាំងពីរថៃ-កម្ពុជា នឹងប្រើប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រឡះ ដើម្បីជំរុញកាអភិវឌ្ឍលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនតាម រយៈវិស័យទេសចរណ៍នេះ។
លោកជំទាវបញ្ជាក់ថា ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ គោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។
សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកអំពី ជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ បានបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់អភិវឌ្ឍចំណងមេត្រីភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលទាំងពីរបន្តខិតខំអនុវត្តឱ្យបានពេញលេញនូវរាល់យន្តការកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីស្ថិរភាព សន្តិភាព វិបុលភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាង      ប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើនវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានបន្តដាក់គោលដៅជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចក្នុងទំហំ១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ រដ្ឋាភិបាលប្រទេសទាំងពីរបានជំរុញវិស័យទេសចរណ៍ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ គោលដៅជំរុញវិស័យទេសចរណ៍នេះ ស៊ីចង្វាក់គ្នាក្នុងពេលកម្ពុជា និងថៃ បានចាប់ផ្តើមដំណាក់កាលទី២ នៃប្រព័ន្ធទូទាត់ KH QR ឆ្លងដែន ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក ដើម្បីសម្រួលពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ឆ្លងកាត់ព្រំដែន ហើយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ កាន់តែមានទំហំធំឡើងជាលំដាប់។
សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ និងជួយបណ្តុះ-       បណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា៕

Comments

Related posts