គម្រោងទឹកស្អាតនិងអនាម័យ និងគម្រោងអភិវឌ្ឍក្រុងរបៀង៤ ក្នុងខេត្តកំពង់ចាម បាននិងកំពុងដំណើរការស្ថាបនាទាំងយប់ទាំងថ្ងៃ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០៣.២០២៤

a28-40

a26-52

a27-43

គម្រោងទឹកស្អាតនិងអនាម័យ និងគម្រោងអភិវឌ្ឍក្រុងរបៀង៤ ក្នុងខេត្តកំពង់ចាម បាននិងកំពុងដំណើរការស្ថាបនាទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក ជាពិសេសឆ្លើយទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងតំបន់ ។
 
  លោក សុខ លឹមហៀង ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានមានប្រសាសន៍ថា គម្រោងទឹកស្អាតនិងអនាម័យ និងគម្រោងច្រករបៀង៤ មានទំហំទឹកប្រាក់ប្រមាណជា ៣០លានដុល្លារអាមេរិក ស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFP និងទទួលការសាង សង់ដោយក្រុមហ៊ុនចិន Beijing Urban Construction Group Co.,Ltd (BUCG) ដោយចំណាយថវិកាប្រមាណ ជាង៣០លានដុល្លារអាមេរិក ។ គម្រោងទាំង២នេះ ជាគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ស្ថិតក្រោមការសម្របសម្រួលពីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត និងអង្គភាពរដ្ឋាករទឹកខេត្តកំពង់ចាម ។
លោកបានបន្តថា គម្រោងអភិវឌ្ឍក្រុងរបៀង៤ បានចាប់ផ្តើមអនុវត្តការស្ថាបនាកាលពីចុងឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥ ដែលចំណាយថវិកាប្រមាណជាង២២លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពង់ចាម រួមមាន ៖ ការងាររៀបចំបណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ និងទីលានកប់សំរាម ដែលនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ។
 « គម្រោងនេះគឺសាង សង់លើប្រព័ន្ធលូរំដោះទឹកភ្លៀង រំដោះទឹកកខ្វក់ និងអាងចម្រោះហើយគម្រោងនេះបើគិតជាទឹក ប្រាក់គឺប្រមាណជា២២លានដុល្លារ លូរំដោះទឹកភ្លៀងមាន៤២០០ ម៉ែត្រ  ហើយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងបាននិងកំពុងសាងសង់ ហើយយើងត្រូវការតភ្ជាប់កាត់ពីផ្ទះប្រជាពលរដ្ឋចូលទៅក្នុងលូរំដោះទឹកកខ្វក់ ។ យើងសាង សង់គឺដោះទឹកភ្លៀងចេញពីទីក្រុងកំពង់ចាមឱ្យអស់ ធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួលទៅដល់ប្រជាពល រដ្ឋ ធ្វើលូរំដោះទឹកកខ្វក់ដែលទឹកកខ្វក់នេះគឺជាទឹកស្អុយ ដែលត្រូវរំដោះចេញពីក្រុង ហើយកុំឱ្យមាន ការប៉ះពាល់ដល់បរិស្ថាននិងដល់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវធ្វើអាងចម្រោះទឹកគឺអាងប្រព្រឹត្តកម្ម ដើម្បីបំប្លែងទឹកកខ្វក់ឱ្យទៅជាទឹកស្អាត ធ្លាក់ទៅទន្លេវិញបាន ដែលនេះគឺជាសមិទ្ធផលដ៏ល្អមួយសម្រាប់ខេត្តកំពង់ចាម » ។
ក្នុងនោះ ឯកឧត្តម តេង សាវឿន អគ្គនាយករដ្ឋាករទឹកខេត្តកំពង់ចាម បានមានប្រសាសន៍ថា គម្រោងទឹកស្អាតនិងអនាម័យ  គឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ន៍ដែលមានអង្គភាពរដ្ឋាករទឹកខេត្តកំពង់ចាម ជាសេនាធិការនិងជាអ្នកសម្របសម្រួល ។ បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្តការសាង សង់នូវស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងដំឡើងបំពងបញ្ចូនទឹកឆៅ ក្នុងគោល បំណងបំពេញតម្រូវការក្នុងការប្រើប្រាស់ទឹកស្អាត និងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ ជាក់ស្តែង រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះ គឺចំណាយទឹកប្រាក់ប្រមាណជាង១១លានដុល្លារអាមេរិក ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកបានប្រមាណជាង១០.០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ។ គិតមកដល់ពេលនេះ  ការដំឡើងបំពងទឹកឆៅនិងទឹកស្អាតនៅតាមបណ្តោយផ្លូវសួនច្បារក្នុងក្រុងកំពង់ចាម និងការអនុវត្តគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណជាង៣០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤នេះ ។ 
 « រដ្ឋាករទឹកខេត្តកំពង់ចាម ទទួលបានគម្រោងទឹកស្អាតនិងអនាម័យ ដោយគម្រោងនេះ បាននិងកំពុងតែអនុវត្តធ្វើការសាងសង់នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ ក្នុងនោះ ក៏មានការសាងសង់ស្ថានីយបូមទឹកឆៅ ពីទន្លេមេគង្គ បណ្ដាញបញ្ជូនទឹកឆៅពីទន្លេមេគង្គមកដល់ស្ថានីយប្រព្រឹត្តកម្មទឹកស្អាត និងមានបណ្ដាញទឹកស្អាត ដើម្បីភ្ជាប់ចូលទៅក្នុងប្រព័ន្ធដែលមានស្រាប់ ហើយក៏សូមបញ្ជាក់ជូនដែរថា ការដ្ឋានបច្ចុប្បន្នគឺមានចំនួន៣ទីតាំង ទីមួយ ស្ថានីយបូមទឹកឆៅ ដែលបាននិងកំពុងដំណើរការជីកកាយនិងធ្វើការសាងសង់មួយចំនួន ទីពីរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទីបីគឺការដ្ឋាននៃការដំឡើងបំពង់បញ្ចូលទឹកឆៅ ដោយដំឡើងពីស្ថានីយបូមទឹកឆៅទួលថ្ម តាមបណ្ដោយផ្លូវភ្លោះមុនីវង្ស កាត់ទៅរោងចក្រប្រព្រឹត្តកម្មនៅសង្កាត់សំបួរមាស » ។
  សូមបញ្ជាក់ថា គម្រោងទឹកស្អាតនិងអនាម័យ និងគម្រោងអភិវឌ្ឍក្រុងរបៀង៤ ជាការងារអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច ។ ជាពិសេស ការវិនិយោគទៅលើប្រព័ន្ធអនាម័យក្រោមគម្រោងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ធានាឱ្យបាននូវនិរន្តរភាពរបស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះមានការវិវឌ្ឍប្រែប្រួលជាវិជ្ជមាននាពេលអនាគត ៕

Comments

Related posts