រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែន "បរាជ័យ" ក្នុងសង្គ្រាមជាមួយនឹងរុស្ស៉ីនោះឡើយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4827

IMG_4828-1

អន្តរជាតិ៖ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានសន្យាថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យក្នុងការប្រយុទ្ធជាមួយរុស្ស៊ីនោះទេ បើទោះបីជាជំនួយបន្ថែមនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់ទីក្រុងគៀវកំពុងប្រឈមនឹងការខ្វះខាតអាវុធក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Austin បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៃសម្ព័ន្ធមិត្ត និងដៃគូណាតូនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។ នាឱកាសនោះលោកបាននិយាយថា "យើងនៅតែប្តេជ្ញាផ្តល់ធនធានដល់អ៊ុយក្រែនដែលប្រទេសនេះត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់វិមានក្រឹមឡាំង"។ លោកបានបន្ថែមទៀតថា កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រឈមមុខនឹង "ស្ថានភាពដ៏លំបាក និងការប្រយុទ្ធដ៏លំបាក" ហើយកំពុងត្រូវការអាវុធ និងគ្រាប់រំសេវបន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិចដើម្បីប្រឈមមុខ នឹងការឈ្លានពានរបស់យោធារុស្ស៊ី។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិចហើយបានព្រមានថា យោធាអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ជាពិសេស គ្រាប់កាំភ្លើងធំ៕

Comments

Related posts