ឯកឧត្តមសន្តិបណ្ឌិតឡូយសុផាតតំណាងរាស្រ្តខេត្តស្ទឹងត្រែងណែនាំឱ្យមានការប្រកួតប្រជែងផ្នែកកសិកម្មបៃតង

 

ដោយ គឹមហឿន ស្ទឹងត្រែង

a3-248

a-217

a1-239

a2-241

   ស្ទឹងត្រែង៖ ឯកឧត្តមសន្តិបណ្ឌិត ឡួយ សុផាត ណែនាំប្រជាពលរដ្ឋរស់នៅ ឃុំចំនួន៣រួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យប្រែក្លាយទៅជាតំបន់កសិកម្មបៃតង  ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា  និងរកបានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍មួយនេះ ។
         ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលសមិទ្ធផលផ្លូវស្ពាននៅស្រុកសេសានខេត្តស្ទឹងត្រែងកាលពីថ្មីៗនេះ  ឯកឧត្តមសន្តិសណ្ឌិតឡួយសុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ឃុំសាមឃួយ ឃុំកំភុន និងឃុំភ្លុក  ត្រូវធ្វើការប្រកួតប្រជែងគ្នាផ្នែកកសិ-ទេសចរណ៍  ព្រោះរាជរដ្ឋាភិបាល ផ្តល់ផ្លូវ កៅស៊ូ  ស្ពានបេតុង សាងសង់រួចរាល់នៅតំបន់នេះ ធ្វើឱ្យមានការរីកចម្រើនដូចទីក្រុងទៅហើយ  ។
      ឯកឧត្តមមានប្រសាសន៍បន្តថា៖  ដើម្បីមូលដ្ឋានរស់នៅ ស្រស់បំព្រង សមនិងសមិទ្ធផលដែលទទួលបាន  ចូរបងប្អូនប្រជាពលរដ្ឋយើងត្រូវប្តេជ្ញាប្រឹងប្រែងទាំងអស់គ្នា ដាំដុះដំណាំគ្រប់ប្រភេទ ធ្វើឱ្យមានភាពបៃតង ទាក់ទាញភ្ញៀវទេសចរ  ឱ្យមកទស្សនានៅពេលអនាគត ។
សំឡេង៖ "អ៊ីចឹងប្ដេជ្ញាទាំងសាមឃួយ  ទាំងកំភុន ទាំងភ្លុក ប្រឡងប្រណាំងគ្នា អភិវឌ្ឍន៍ភូមិឃុំឱ្យស្អាត ដើម្បីថ្ងៃក្រោយតំបន់យើងនេះក្លាយទៅជាតំបន់ដែលទាក់ទាញទេសចរមក  ហើយតំបន់យើងនេះក៏ប្រែក្លាយទៅជាតំបន់កសិកម្មបៃតងនិងគេ   ហើយបងប្អូនថាម៉េច ថាដីហ្នឹងដាំអីមិនកើត មិនមែនទេបងប្អូន  បើវាមិនកើតមនុស្សទេដែលវាមិនកើត  ដីហ្នឹងវាគ្មានអន់ទេ មនុស្សទេវាអន់ ចាំតែប៉ុណ្ណឹងទៅបានហើយ  ។
     លោកសុវណ្ណពិសេដ្ឋ អភិបាល ស្រុក បានបញ្ជាក់ថា  ជាមួយនិងការដាស់តឿននេះ  កន្លងមកអាជ្ញាធរស្រុកបានរៀបចំផ្នែកកសិទេសចរណ៍ ឱ្យមានភាពទាក់ទងគ្នារវាងរមណីយដ្ឋាននិងកសិករ រួចមកហើយ  ។
   លោកគាំទ្រដល់យន្តការនេះ ព្រោះបានជំរុញឱ្យមានទីផ្សារបញ្ជាទិញកសិផល និងបានលើកស្ទួយដល់វិស័យកសិកម្មផង   និងធ្វើជាខ្សែសង្វាក់មួយបាន ដាស់ស្មារតីដល់ប្រជាកសិករឱ្យផុលផុសនាំគ្នា ដាំដុះ ដំណាំឈើហូបផ្លែ បន្លែបង្ការ  និងដំណាំរួមផ្សំឱ្យបានកាន់តែច្រើនឡើង  ។
     លោកស្រី ស៊ីមចិន្តា កសិករដាំបន្លែនៅឃុំកំភុន បានទទួលយកការក្រើនរំឭកនេះ  ព្រោះបច្ចុប្បន្នផ្នែកហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍល្អប្រសើរណាស់ ហើយក៏ បានបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើចរាចរណ៍   នាំយកទំនិញទៅមក  បានឆាប់រហ័សដែរ ។
    លោកស្រី ប្តេជ្ញារួមគ្នា ខិតខំកែប្រែមូលដ្ឋានរស់នៅឱ្យមានភាពបៃតង តាមរយៈបង្កើនការដាំដុះដំណាំរួមផ្សំ ឱ្យបានច្រើនប្រភេទ និងបន្លែបង្ការ បន្ថែមទៀត  ដើម្បីលក់ដូរជូនភ្ញៀវទេសចរ បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពផង។
        សូមបញ្ជាក់ថា៖ក្នុងឃុំចំនួនបីនេះ មានឃុំសាមឃួយ ជាប់ចំណាត់ថ្នាក់កសិករច្រើនជាងគេ បានដាំបន្លែបង្ការ និងដំណាំរួមផ្សំ  ចំណែកឃុំកំភុន និងឃុំភ្លុក មានកសិករប្រមាណតែ៥០%ប៉ុណ្ណោះបន្ទាប់ពីធ្វើស្រែចម្ការ  បានដាំដុះដំណាំរួមផ្សំបន្ថែម  ហើយនេះជាសញ្ញាមួយកំពុងធ្វើឱ្យមូលដ្ឋានប្រែក្លាយទៅជាតំបន់កសិកម្មបៃតង  ៕

Comments

Related posts