អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេទន្លេសេកុងសម្រេចលទ្ធផលបាន៧០ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿនស្ទឹងត្រែង

ស្ទឹងត្រែង៖ គិតត្រឹមបំណាច់ខែមេសាឆ្នាំ ២០២៤ អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាច្រាំងទន្លេសម្រាប់ទប់ការពារកុំឱ្យទឹកទន្លេខែវស្សាហូរច្រោះបាក់ដីតាមជួយមាត់ទន្លេសេកុង សម្រេចលទ្ធផលបាន៧០ភាគរយហើយ ក្នុងគម្រោងសាងសង់សរុបមាន ប្រវែង៣៥៥ម៉ែត្រ។

ក្នុងសកម្មភាពសាងសង់ខឿនច្រាំងមាត់ទន្លេនៅក្រុង ខេត្តស្ទឹងត្រែង ថ្ងៃទី 1 ខែឧសភា លោកសាយកុសល អភិបាលក្រុងមានប្រសាសន៍ថា៖ ខឿនច្រាំងកំពុងសាងសង់នេះមានប្រវែងជាង៣០០ម៉ែត្រជាសមិទ្ធផលនៅក្រុងស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្តសាងសង់ ចាប់ចេញចំណុចស្ពានសេកុង ទៅដល់ចំណុចស្ពានព្រែកពោធិ ក្នុងសង្កាត់ស្រះឫស្សី ដើម្បីការពារកុំឱ្យដីបាក់ និងសម្រាប់ជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរផង។

លោកអភិបាលក្រុង បន្តថា៖សមិទ្ធផលនេះយើងអាចចាត់បញ្ចូលក្នុងសូចនាករមួយបន្ថែមសម្រាប់ធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខ ព្រោះធ្វើឱ្យទីរួមខេត្តមានសោភ័ណ្ឌភាព និងជួយជាផលប្រយោជន៍ផ្សេងៗបាន ដូចជាផ្តល់លទ្ធភាពងាយស្រួល ដល់ប្រជាអ្នកនេសាទមានកន្លែងចុះចត មានកន្លែងឡើង និងបង្កលក្ខណងាយស្រួលដល់ភ្ញៀវទេសចរឱ្យមានទីតាំងលំហែបានច្រើន។

លោកដែងភារម្យ ចៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានចាត់ទុកថា៖នេះជាយុទ្ធសាស្ត្រនេះមួយថ្មីទៀតធ្វើឱ្យទីរួមខេត្ត មានភាពល្អប្រសើរ ដែលជាសមិទ្ធផលមួយថ្មីប្រជាពលរដ្ឋយើងកំពុងតែចង់បាន។

លោកបន្តថា៖ កន្លងមកខេត្តសាងសង់ច្រាំងទន្លេនេះបានជាង៦០០ម៉ែត្ររួចមកហើយ ចាប់ពីកំពុងផែទៅដល់ចំណុចស្ពានព្រះរាជដំណាក់ ដែលមានប្រយោជន៍ការពារច្រាំងទន្លេមិនឱ្យបាក់ទៅទៀត និងការពារបានផ្លូវសម្រាប់ការធ្វើចរាចរណ៍ទៅមកផង ។

លោក ថេសីហា អ្នកទទួលការងារសាងសង់បានបញ្ជាក់ថា៖ សំណង់នេះ ក្រុមការងារអនុវត្តការសាងសង់ទៅតាមគំរូប្លង់ត្រឹមត្រូវ មានជម្រាលផង និងបើកមុខចេញពីចំណុចច្រាំងចាស់ ប្រវែង១៥ម៉ែត្របន្ថែមទៀត ។

លោកបន្តថា៖ ក្រុមបច្ចេកទេសកំពុងពន្លឿនការសាងសង់គ្រឹះក្រោម ឱ្យហើយមុនរដូវវស្សាចូលមកដល់ ដើម្បីយើងងាយស្រួលសាងសង់ផ្នែកខាងលើបន្ត ឱ្យហើយទាំងស្រុងនៅចុងឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា៖ខឿនច្រាំងតាមមាត់ទន្លេសេកុងដែលសាងសង់ថ្មីនេះ មានប្រវែង៣៥៥ម៉ែត្របានចាប់ផ្តើមស្ថាបនាឡើងនៅដើមខែកុម្ភៈឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់សកម្មភាពសាងសង់នៅចុងឆ្នាំ២០២៤ ទៅតាមផែនការដែលបានគ្រោងទុក ៕photo_2024-05-01_09-44-38photo_2024-05-01_09-41-01photo_2024-05-01_09-41-10

photo_2024-05-01_09-41-13

Comments

Related posts