ការរៀបចំទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមចំណែកបង្ហាញពីភាពរីកលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៤

a-48

a4-63

a1-64

a2-65

a3-63

ភ្នំពេញ ៖ ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ បានចូលរួមចំណែកបង្ហាញពីភាពរីកលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ខណៈវិស័យនេះកំពុងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ប្រធានបទនៃទិវាជាតិលើកទី២នេះ បានផ្តល់នូវថាមភាពបន្ថែមទៀតចំពោះអាណត្តិថ្មីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដែលមានភារកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រួមទាំងវិស័យសិប្បកម្ម និងទឹកស្អាត។
ឯកឧត្តម បានបន្តថា កំណែទម្រង់ស្ថាប័នដ៏ធំមួយនេះ បានបើកទំព័រថ្មីឱ្យកម្ពុជា ចាប់ផ្តើមមានក្រសួងមួយទទួលបន្ទុកជាក់លាក់លើការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្តន៍ ស្របទៅនឹងចរន្តនៃនិន្នាការរីកចម្រើនរបស់បណ្តាប្រទេសលើ សកលលោក និងក្នុងតំបន់។ ជាងនេះទៅទៀត ដោយឈរលើស្មារតីដែលថា ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវតែផ្តោតលើមូលដ្ឋាននវានុវត្តន៍ ដូច្នេះរាល់បច្ចេកវិទ្យាឬឧបករណ៍ថ្មីៗ ត្រូវតម្រង់ទិសសម្រាប់ការអនុវត្តរបស់វិស័យឯកជន។
 « ការរៀបចំទិវាជាតិលើកទី២ ដោយមានការតាំងពិព័រណ៍បច្ចេកវិទ្យានិងឧបករណ៍ នឹងចូលរួមចំណែកបង្ហាញពីភាពរីកលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុក ដែលបានរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋរាប់លាននាក់ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ »។
សូមបញ្ជាក់ថា សម្រាប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ឆ្នាំនេះ ក្រសួងបានជ្រើសយកប្រធានបទ«សហគ្រាសធុនតូចនិងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់សហគ្រាសឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃបន្ថែម។ ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ មានគោលបំណង ទី១-បណ្តុះស្មារតីស្រឡាញ់និងការស្វែងយល់អំពីវិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ដោយផ្ទាល់ ទី២-ជំរុញកិច្ចសហប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្ដានុពល នៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទី៣-បំផុសឱ្យមានការយល់ដឹងស៊ីជម្រៅអំពីតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន និងទី៤-បញ្ជ្រាបវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញផលិតភាព និងវឌ្ឍនភាពដល់សហគ្រាសធុនតូចនិងមធ្យម។ ទិវាជាតិលើកទី២នេះ មានព្រឹត្តិការណ៍អមចំនួន០៥រួមមាន៖(១)ពិព័រណ៍បច្ចេកវិទ្យានិងគ្រឿងឧបករណ៍កម្មន្តសាល, (២)ពិព័រណ៍វិទ្យាសាស្ត្រ, (៣)វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, (៤)ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម, និង(៥)កម្មវិធីប្រកាសចាប់ផ្តើម «ពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ»៕

Comments

Related posts