ក្រសួងបរិស្ថានប្រកាសគាំទ្រការវិនិយោគកាបូន ឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៣ ២០២៤

IMG_5431-1

IMG_5434-1

IMG_5433-1

IMG_5432-2

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ចូលរួមចំណែកក្នុងការវិនិយោគកាបូននៅកម្ពុជា ដើម្បីឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ 
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូលឌីង (INTRACO Holding) នៃប្រទេសវៀតណាម ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជានឹងបែងចែកភាគលាភនៃការធ្វើពាណិជ្ជកម្ម កាបូនស្មើៗគ្នា ដោយមិនឱ្យអ្នកវិនិយោគណាមួយ ដែលមានបំណងល្អជួយកម្ពុជាខាតប្រយោជន៍នោះឡើយ ពោលគឺកម្ពុជាឈរ លើគោលការណ៍ស្អាតពីខាងក្នុង មិនកេងចំណេញ ដើម្បីជំរុញការវិនិយោគបៃតង ស្របតាម យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា «ក្រសួងបរិស្ថាន បានរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនរួចជាស្រេច គឺភាពស្អាត ប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម និងគោរពតាមវិធានការច្បាប់បានខ្ជាប់ខ្ជួន ដើម្បីទទួលបានភាពស្អាត តាមរយៈពាណិជ្ជកម្មកាបូន ៤១.៧ភាគរយ នៅឆ្នាំ២០៣០ អនុលោមតាមវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ 
អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូលឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។  លោក ហ័ង អាញ់ យុង (HOANG ANH DUNG)  បានថ្លែងថា ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស ដែលជួយឱ្យខ្យល់កម្ពុជា ស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

Comments

Related posts