ការបង្កើនផលិតភាពដំណាំគម្រប ដី ចាំបាច់ត្រូវមានផ្នែកពាក់ព័ន្ធចូលរួម

 

វិទ្យុជាតិកម្ពុជា៖ កង មុន្នីរ៉ា ១៨.៣.២៤

IMG_5440

IMG_5438

IMG_5441

IMG_5439-1

IMG_5443

IMG_5436

IMG_5444

  មន្ទីរកសិកម្មខេត្តព្រះវិហារ បានលើកទ្បើងថា ការបង្កើនផលិតភាពដំណាំគម្របដីឱ្យកាន់តែរីកដុះដាលបន្ថែមទៀតនោះ ចាំបាច់ណាស់ត្រូវការចូលរួមពីផ្នែកពាក់ព័ន្ធ ក្នុងការជំរុញដល់ការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ដំណាំគម្របដី បច្ចេកទេសកសិអេកូទ្បូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារ សម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ ផ្តល់តម្លៃ ដល់ជីវៈចម្រុះ និងដំណើរប្រព្រឹត្តទៅនៃប្រព័ន្ធអេកូទ្បូស៊ីធម្មជាតិ។
បច្ចេកទេសកសិអេកូទ្បូស៊ី ដំណាំគម្របដី គឺជាបច្ចេកទេសអនុវត្តន៍ថ្មីមួយទៀត ដែលកន្លងមកគេបានអនុវត្តន៍ ដូចជា ការធ្វើជីលាមកសត្វ, ជីកំប៉ុស ការចិញ្ចឹមត្រីក្នុងស្រែ ជាដើម។
លោកបណ្ឌិត គង់ រ៉ាដា, អ្នកសម្របសម្រួលគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ (អាសិត-ASSET) ប្រចាំប្រទេសកម្ពុជា នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (ស៊ីរ៉ាត-CIRAD)មានប្រសាសន៍ថា ដំណាំគម្របដី បច្ចេកទេសកសិអេកូទ្បូស៊ី វាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករ។ គោលការណ៍ទី១ដែលសំខាន់ គឺទាក់ទងទៅហ្នឹងជាមួយសុខភាពដី និងការធ្វើពិពិធកម្មនៅគ្រប់វិស័យនៅក្នុងផលិតកម្មកសិកម្មរបស់កសិកររបស់យើង ដូចជាការដំាដំណាំ ការចិញ្ចឹមសត្វ ក៏ដូចជាការធ្វើពិពិធកម្មនៅក្នុងសេដ្ឋកិច្ចគ្រួសាររបស់គាត់ទាំងមូល។ អញ្ចឹងផ្តើមធ្វើម៉េចឱ្យសុខភាពដីរបស់គាត់បានល្អ ធ្វើម៉េចឱ្យផលិតកម្មរបស់គាត់នៅក្នុងគ្រួសាររបស់គាត់ហ្នឹងផលិតកម្ម កសិកម្មមានពិពិធកម្ម។ ទី១វាធានាបានសន្តិសុខស្បៀងនៅក្នុងគ្រួសាររបស់គាត់។ ទី២វាធានាបាននូវសុវត្ថិភាពចំណីអាហាររបស់គាត់។ ពីព្រោះថា នៅក្នុងសហគមន៍របស់ពួកគាត់ហ្នឹងវាមានចម្រុះភាព នៃការធ្វើដំណាំរបស់គាត់អញ្ចឹងទៅគុណភាពនៃអាហាររូបបឋមសម្រាប់កសិករនៅក្នុងគ្រួសារកូនចៅរបស់គាត់ ហ្នឹងក៏ធានាបាននូវសុខភាព»។ 
លោកស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា ដើម្បីឱ្យមានកំណើនដាំដុះដំណាំគម្របដី ទាំងក្រសួង មន្ទីរ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតមានតួនាទីសំខាន់ក្នុងការចូលរួមជំរុញលើការងារនេះ។
«ចំណុចនេះ ជាចំណុចសំខាន់ ដែលមន្ទីរយើងទាំងអស់គ្នារួមគ្នា ដើម្បីផ្សព្វផ្សាយ ធ្វើម៉េចឱ្យកសិកម្មយើងមានភាពប្រសើរទ្បើង។ យើងព្យាយាមបញ្ជ្រាបមិនអាចថា យកកម្មវិធីហ្នឹងជះគ្រប់កន្លែងបានទេ គឺត្រូវទាមទារពេលវេលា ដើម្បីផ្សព្វផ្សាយហើយចំណុចសំខាន់មួយទៀតដែលពាក់ព័ន្ធការអនុវត្តនេះយើងបានជ្រើសរើសកសិករគំរូ សម្រាប់អនុវត្តដំណាំ កសិអេកូទ្បូស៊ីនេះ គាត់ហើយដែលជួយជំរុញផ្សព្វផ្សាយដល់កសិករដទៃទៀត»។
លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ កសិអេកូទ្បូស៊ី បានមានប្រសាសន៍ឱ្យដឹងថា៖ ដៃគូដែលបានចូលរួមក្នុងដំណើរប្រព្រឹត្តទៅរបស់ដំណាំគម្របដី មានបណ្តាញក្នុងស្រុកចំនួន៧៧ មកពីសមាសភាពផ្សេងៗគ្នារួមមាន៖ អង្គការក្រៅរដ្ឋាភិបាល(NGO) សមាគម និងសហករណ៍កសិករ,ស្ថាប័នអប់រំ និងស្រាវជ្រាវ និងវិស័យឯកជនជាដើម ជាផ្នែកមួយ នៃគម្រោងវិវឌ្ឍនាការកសិអេកូទ្បូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព។ លោកបន្ថែមថា  បណ្តាញកសិអេកូទ្បូស៊ី (ALiSEA) មានសមាជិកសរុបជាង២០០ស្ថាប័ន ដែលអនុវត្តនៅប្រទេសចំនួន៤ គឺ៖ ប្រទេសទ្បាវ មីយ៉ាន់ម៉ា កម្ពុជា  និងវៀតណាម ។
គួរកត់សម្គាល់ផងដែរថា នៅប្រទេសកម្ពុជា ការអនុវត្តដំណាំគម្របដី បច្ចុប្បន្នមាន នៅក្នុងខេត្តព្រះវិហារ ប៉ៃលិន បាត់ដំបង សៀមរាប និង ខេត្តកំពង់ចាម៕

Comments

Related posts