ប្រព័ន្ធផ្សព្វផ្សាយស្វីស៖ លោក ចូ បៃដិន នឹងចូលរួមក្នុងកិច្ចចរចាស្ដីពីសន្តិភាពអ៊ុយក្រែន នៅខែមិថុនា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a31-6

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកត្រូវបានរំពឹងថា នឹងមានវត្តមានចូលរួមនៅឯសន្និសីទកម្រិតខ្ពស់មួយស្ដីពីសន្តិភាពនៅអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស នៅពាក់កណ្ដាលខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ សន្និសីទស្ដីពីសន្តិភាពនៅអ៊ុយក្រែនមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទឱ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អាចនឹងធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនាខាងមុខ។ មួយវិញទៀត លិខិតអញ្ជើញជាផ្លូវការក៏មិនទាន់ត្រូវបានផ្ញើនោះដែរ ប៉ុន្តែសារព័ត៌មានស្វីស NZZ បានដកស្រង់សម្ដីប្រភពដែលគួរឱ្យទុកចិត្តបានជាមួយការបញ្ជាក់ថា លោក ចូ បៃដិន អាចនឹងមានវត្តមានចូលរួមក្នុងសន្និសីទនេះដែរ រួមជាមួយមេដឹកនាំ និងអ្នកតំណាងមកពីប្រទេសជាច្រើនផ្សេងទៀត។ គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៤ ប្រទេសស្វីសបានប្រកាសថាខ្លួនបានយល់ព្រមថានឹងរៀបចំសន្និសីទមួយឡើង បន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បំពេញទស្សនកិច្ចក្នុងប្រទេសស្វីស។ លោក ហ្សេលេនស្គី បាននិយាយថាកិច្ចប្រជុំកំពូលណាមួយស្ដីពីសន្តិភាពនៅអ៊ុយក្រែន នឹងមិនមានវត្តមានចូលរួមរបស់រុស្ស៉ីនោះទេ ហើយកិច្ចប្រជុំទៀតសោតនឹងត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍ ១០ ចំណុចនៃផែនការសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនផង៕

Comments

Related posts