ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានឱ្យមានភាពខ្លាំង មានតួនាទីសំខាន់ណាស់ សម្រាប់ជាខឿន ការពារជាតិ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៤ ២០២៤

IMG_8686

IMG_8688

IMG_8687

IMG_8689

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានឱ្យមានភាពខ្លាំង មានតួនាទីសំខាន់ណាស់ សម្រាប់ជាខឿន ការពារជាតិ  ការពារបូរណភាពទឹកដី។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមាន ប្រសាសន៍ថា កិច្ចការពារជាតិ ជាកិច្ចការសំខាន់មួយដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាតព្វកិច្ចសំខាន់ របស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសកងកម្លាំប្រដាប់អាវុធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនិងធនធានមនុស្ស ដែលនៅក្នុងវិស័យការពារជាតិដែលមានយោធិន៣កម្រិត ដែលរួមមាន នាយទាហាន នាយទាហានរង និងពលទាហាន ខណៈដែលក្នុងនោះនាយទាហាន ដើរតួនាទីគន្លឹះក្នុងវិស័យការពារជាតិ ដើម្បីកសាង កម្លាំងប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែង អាចធ្វើការបានច្បាស់លាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាយទាហានមានតួនាទីចំនួន២ ជាអ្នកគ្រប់គ្រងនិងជា អ្នកដឹកនាំ ខណៈដែលក្នុងនាមជាអ្នកគ្រប់គ្រងភារកិច្ចសំខាន់ទាក់ទងនឹងការរៀបចំផែនការ ការបែងចែក ការប្រគល់ភារកិច្ច ដល់អ្នកក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួល ដោះស្រាយបញ្ហា ដើម្បីធានានូវបេសកម្មរបស់អង្គភាពបានជោគជ័យ និងការធានាដល់បេសកកម្ម អ្នកក្រោមបង្គាប់ឱ្យទទួលបានជោគជ័យផងដែរ។ ចំណែកឯភារកិច្ចជាអ្នកដឹកនាំ គឺត្រូវដឹកនាំបញ្ជាកម្លាំង និងដឹកនាំអនុវត្តន៍គ្រប់ភារកិច្ច ដូច្នេះតួនាទីរបស់នាយទាហានសំខាន់ណាស់ ដើម្បីធានាបាននូវការការពារ  បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។
 «អ៊ីចឹងតួនាទីរបស់នាយទាហានសំខាន់ណាស់ ហើយដើម្បីធានាគុណភាពនិងសមត្ថភាព នាយទាហានយើងត្រូវគិតគូរយកចិត្តទុកដាក់ដល់ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហាន ហើយគ្រប់កម្រិតទាំងកម្រិតយុទ្ធវិធី យុទ្ធនាការនិងយុទ្ធសាស្ត្រ កាន់តែខ្ពស់កាន់តែទូលំទូលាយ។ នាយទាហានបឋមធ្វើការច្រើនផ្នែកយុទ្ធវិធី ផ្តោតទៅលើតែយោធាទេ នាយទាហានកម្រិតយុទ្ធសាស្ត្រ ត្រូវយល់ទាំងយុទ្ធវិធី ទាំងនយោបាយ។ តួនាទីរបស់សាកលវិទ្យាល័យការពារជាតិ គឺបណ្តុះបណ្តាល នាយទាហានជាន់ខ្ពស់របស់យើង ដើម្បីធានានូវគុណភាពហ្វឹកហ្វឺនកងទ័ព សំខាន់បំផុតគឺត្រូវយកចិត្ត ទុកដាក់ លើអង្គភាពហ្វឹកហ្វឺនជាពិសេសបណ្តាសាលាហ្វឹកហ្វឺនកងទ័ពទាំងអស់ »៕

Comments

Related posts