សម្ដេចធិបតីបានថ្លែងថាបញ្ហាអសន្តិសុខនានាបានថយចុះប្រមាណ៣០ភាគរយនាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ

វិទ្យុជាតិកម្ពុជា​

IMG_8629-2

MC: សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា បញ្ហាអសន្តិសុខនានាបានថយចុះប្រមាណ ៣០ភាគរយ   នាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ បើធៀបទៅនឹងឆ្នាំមុន នេះជាស្មារតី នៃការអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មី ខណៈអាជ្ញាធររៀបចំបានយ៉ាងល្អប្រសើរ ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរយៈពេល នៃពិធិបុណ្យចូលឆ្នាំថ្មី។ 

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និង បិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ២០២៤នេះ មានការសប្បាយរីករាយ នៅគ្រប់រាជធានី ខេត្ត ស្រុក ក្រុង សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈនៅទូទាំងប្រទេស។ ជាមួយគ្នានោះ សម្ដេចធិបតីសង្តេតឃើញថា មានប្រជាពលរដ្ឋ លេងល្បែងប្រជាប្រិយខ្មែរយ៉ាងផុសផុលគ្រប់ទីកន្លែង ដែលជាការរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរបានយ៉ាងល្អ។
សម្ដេចធិបតីបញ្ជាក់ថា ចំពោះការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំ២០២៤នេះ អាជ្ញាធររាជធានីខេត្តរៀបចំបានយ៉ាងល្អ ហើយបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋទៅលេង កម្សាន្តសប្បាយគ្រប់ទីកន្លែងផងដែរ។ 
សម្ដេចធិបតី បញ្ជាក់ទៀតថា  ចំពោះបាតុភាពអវិជ្ជមាន ដូចជា ការឈ្លោះគ្នា ការវាយគ្នា ក៏មិនមានច្រើន ហើយបញ្ហាអសន្ដិសុខផ្សេងៗថយចុះ ៣០ភាគរយសម្រាប់ឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយការលេង ដោយគោរពគ្នា ហើយនេះជាស្មារតី នៃការអបអរសាទរ របស់ប្រជាជាតិខ្មែរយើង សម្រាប់បុណ្យចូលឆ្នាំថ្មីយើងនេះ។
«សូមថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ព្រះសង្ឃ អាជ្ញាធរក្រុង ស្រុក ឃុំ ខណ្ខ កងកម្លាំងទាំងបីប្រភេទ មានកងទ័ពរបស់យើងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានគេប្រាប់ថា ហត់ផងគេប៉ាតម្សៅផង តែកិច្ចការងារនេះកិច្ចការចម្បងនៃការយកចិត្តទុកដាក់ធំ របស់ រាជរដ្ឋាភិបាលគឺសន្តិសុខសណ្តាប់ធ្នាប់ដែលយើងឃើញថាការប្រារព្ធពិធីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបានព្រឹត្តិទៅដោយល្អ ហើយអរគុណផងដែរ ដល់ប្រជាការពារក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះបណ្ដារាជធានី-ខេត្ត ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម ហើយនៅក្រៅប្រទេស ក៏បានរៀបចំនៅតាមស្ថានទូត ដែលមានប្រជាជនចូលរួមហើយក៏អរគុណចំពោះសាលារាជធានីភ្នំពេញ បានរៀបចំរថយន្ដក្រុងជិត៤០០គ្រឿងក្នុងរយៈពេលប្រាំថ្ងៃពីថ្ងៃ១២ ដល់ថ្ងៃ១៧ ដឹកប្រជាពលរដ្ឋទៅ ស្រុកកំណើត ដោយឥតគិតថ្លៃបានជាង៧ម៉ឺននាក់ហើយសំខាន់មានទឹកសុទ្ធនិងភេសជ្ជៈផងដែរឆ្នាំនេះ»៕

Comments

Related posts