រដ្ឋមន្រ្ដីក្រសួងព័ត៌មាន : តម្រង់ទិសអ្នកសារព័ត៌មានត្រូវអនុវត្តន៍ដើម្បីស្របតាម ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ប៉ុង សុភាវីរូបភាព លោក អ៊ឹម ភិរក្សនារីរតនៈ ១៩ មេសា ២០២៤

IMG_8752

IMG_8750

IMG_8754

IMG_8749

IMG_8745

IMG_8737

IMG_8736

     MC៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកឡើងថា តម្រង់ទិសអ្នកសារ ព័ត៌មានត្រូវអនុវត្តន៍ដើម្បីស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលទទួលបាននូវការគាំពារច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ផ្សេងៗទៀតជាធរមាន។

     នៅក្នុងសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្ដង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នាសាលចតុមុខ មង្គល ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលា នេះក្នុងគោលបំណងដើម្បីតម្រង់ទិស និងប្រមូលធាតុចូលក្នុងការរៀបចំ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីមានស្តង់ដា ប្រតិបត្តិរួមមួយ សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី បានឱ្យដឹងថា និយមន័យក្រមសីលធម៌វិជ្ជាជីវៈ គឺក្រមសីលធម៌សំដៅដល់គោលការណ៍រួម ជាមាគ៌ាតម្រង់ការប្រតិបត្តិការងារ ទង្វើ ឬសកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ច តាមគន្លងប្រតិបត្តិស្តង់ដាអាជីព ដើម្បីធានាភាពត្រឹមត្រូវ ភាពស្របច្បាប់ និងសុចរិតភាពក្នុងសង្គម។
    ឯកឧត្តម នេត្រ ភក្រ្តា បន្តទៀតថា ចំណុចត្រូវអនុវត្តក្នុងនាមជាអ្នកសារព័ត៌មាន គឺត្រូវស្វែងរក និងរាយការណ៍ព័ត៌មានដែលពិត ប្រកាន់ជំហរលើភាពត្រឹមត្រូវជានិច្ច ដោយមិនលំអៀង រក្សាតុល្យភាពព័ត៌មាន និងត្រូវផ្ដល់ឱកាសដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងសាច់រឿង ដោយត្រូវបែងចែកឱ្យដាច់រវាងព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន។ រាល់ការបញ្ចេញមតិ ឬរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ រាយការណ៍ដោយមានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ព័ត៌មាន។ ត្រូវស្វែងរក និងផលិតព័ត៌មានដោយភាពសុចរិតដើម្បីផ្សព្វផ្សាយព័ត៌មានពិតច្បាស់លាស់ ដល់សាធារណជនដើម្បីកុំឱ្យមហាជនមានភាពភាន់ច្រឡំ និងត្រូវគោរពប្រពៃណី ចូលរួមថែរក្សា និងការពារអត្តសញ្ញាណ វប្បធម៌ជាតិ។
      ដោយឡែកចំណុចមិនត្រូវអនុវត្តក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬការផ្សព្វផ្សាយដែលនាំឱ្យមានការរើសអើងគ្រប់ទម្រង់ ក៏ដូចជាបង្កគ្រោះថ្នាក់ដល់ជនដែលមានពិការភាព ឬអ្នកជំងឺផ្លូវកាយ និងផ្លូវចិត្ត។ មិនត្រូវផ្សព្វផ្សាយព័ត៌មានដែលបង្កើតឱ្យមានការញុះញង់ បង្អួចកេរ្តិ៍ឈ្មោះ ឬបំភ្លៃ ក្រឡៃ ការពិត ដែលនាំឱ្យកើតចលាចលក្នុងសង្គម។ មិនត្រូវទទួលសំណូកគ្រប់ទម្រង់ជាថ្នូរនឹងការផ្សាយ ឬមិនផ្សាយព័ត៌មាន។ មិនត្រូវមានការផ្គាប់ផ្គន់ដែលប៉ះពាល់ដល់ការរក្សាសេចក្ដីថ្លៃថ្នូរ។ មិនត្រូវផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឯកជនភាព និងតម្លៃអ្នកដទៃ។ មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស សោកនាដកម្មដោយមិនបិទបាំង រូបភាពដែលប៉ះពាល់ដល់ការរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ។ ជៀសវាងការធ្វើបុរេវិនិច្ឆ័យលើហេតុការណ៍ខណៈករណីនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតឬតុលាការមិនទាន់វិនិច្ឆ័យ។ មិនត្រូវចោទប្រកាន់ជនសង្ស័យណាម្នាក់ខណៈតុលាការមិនទាន់វិនិច្ឆ័យទោសនៅឡើយនិងមិនត្រូវបង្ហាញអត្តសញ្ញាណសាច់ញាតិជនសង្ស័យដាច់ខាត។ មិនត្រូវផ្សព្វផ្សាយប៉ះពាល់ការការពារសិទ្ធិនិងសុវត្ថិភាពរបស់ជនងាយរងគ្រោះដូចជា កុមារ ស្ត្រី ឬជនមានពិការភាព និងមិនត្រូវផ្សព្វផ្សាយដោយបង្ហាញអត្តសញ្ញាណសព ឬជនរងគ្រោះដោយការរំលោភផ្លូវភេទ ឬអនីតិជនឡើយមិនត្រូវផ្សព្វផ្សាយរូបភាពដែលបង្ហាញពីអំពើហិង្សាគ្រប់ទម្រង់ទាំងអស់។
      ឯកឧត្តមបន្ថែមថា ប្រភេទព័ត៌មានដែលមិនត្រូវផ្សព្វផ្សាយ គឺព័ត៌មានដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ,ប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ, នាំឱ្យមានការរំលោភសិទ្ធិ និងប៉ះពាល់ដល់កិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់បុគ្គលណាម្នាក់, នាំឱ្យមានការលាតត្រដាងនូវឯកសារសម្ងាត់ផ្សេងៗ , បង្កការរំខាន់ និងប៉ះពាល់ដល់ការអនុវត្តច្បាប់ ឬសេចក្តីថ្លៃថ្នូររបស់មន្ត្រីសាធារណៈជាដើម។
  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា  អ្នកសារព័ត៌មានចំពោះមុខច្បាប់ គឺគ្មានច្បាប់ណាចាប់ និងហាមឃាត់អ្នកសារព័ត៌មានមិនឱ្យបញ្ចេញមតិ និងផ្ដល់ភាពចម្រុះនៃគំនិតនោះទេក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែ អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នជានិច្ច និងជៀសវាងដាច់ខាត នូវការសរសេរ និងរាយការណ៍ព័ត៌មានទាំងឡាយណា ដែលផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងប្រព្រឹត្តបទកំហែងទារដែលខុសទាំងស្រុងពី ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ផ្សេងៗទៀតជាធរមាន៕

Comments

Related posts