គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បន្តជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ១៩/០៤/២០២៤

IMG_8730

IMG_8728

IMG_8726

IMG_8727

IMG_8736-1

គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តជំរុញឱ្យមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ត្រូវតែខិតខំប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់
   លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ“ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” បានយ៉ាងល្អប្រសើរ។
  លោក ហ៊ុន សុរិទ្ធី បានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោក បានមានប្រសាសន៍លើកឡើងថា សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំងលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោកបន្តថា គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទី-ភារកិច្ចដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាល សេវាសន្តិសុខជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ សមធម៌សង្គមបរិយាបន្ន ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ“ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” យ៉ាងល្អប្រសើរ ធានាប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពន្លឿនការរអភិវឌ្ឍ និងបង្កើនទំនុក ចិត្តជូនដល់វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។
ជាក់ស្តែងក្នុងអំឡុងពេលរៀបចំការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៥ ក៏ដូចជា ព្រឹត្តិការណ៏ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាលពីថ្ងៃទី១៣-១៦ ខែមេសា ២០២៤ កន្លងទៅនេះមានភ្ញៀវ ទេសចរចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ មានភ្ញៀវជាតិប្រហាក់ប្រហែល ១.៣០២.៦៦៦នាក់ និង ភ្ញៀវទេសចរអន្តរជាតិមានប្រហែល ១៨.៤៥៤នាក់ ដែលញ៉ាំងឱ្យបរិយាកាសក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ប្រកបដោយ បរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត។
  លោកបន្តទៀតថា ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃដែលផ្សព្វផ្សាយនាពេល នេះ គឺជាយន្តការទិសដៅថ្មីបន្ថែមទៀត ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយទៀត សម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តកិច្ចការជាអាទិភាព សំដៅពង្រឹងការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការធ្វើឱ្យ មានសង្គតិភាព រវាងយន្តការគាំទ្រដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងការអនុវត្តតួនាទី ភារកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់។
ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ ពីមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
 ឯកឧត្ដមបន្តថា ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជ រដ្ឋាភិបាលប្រកប ដោយការទទួល ខុសត្រូវខ្ពស់ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ សំដៅចូលរួម ចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យដែលបានកំណត់៕

Comments

Related posts