ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
==================
ខេត្តសៀមរាប៖ រសៀលថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។

អគារថ្មីមួយដែលមានការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើប មានឈ្មោះថា “ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប” ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គការ JICA ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប នៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ អគារនេះមានទំហំ ២៥ម៉ែត្រ គុណ ៦៨ម៉ែត្រ មានផ្ទៃក្រឡាសំណង់សរុប ៦ ៨០០ម៉ែត្រក្រឡា មានកម្ពស់៤ជាន់ មានរចនាសម្ព័ន្ធខាងក្នុងតាមស្តង់ដាអន្តរជាតិ ដែលមានគ្រែ សម្រាកពេទ្យសរុប ចំនួន២២៦គ្រែ និងមានបន្ទប់វះកាត់ ចំនួន៦បន្ទប់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកសុខាភិបាលដែលកំពុងបម្រើការងារនៅតាមផ្នែកនីមួយៗ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់បុគ្គលិកសុខាភិបាល ត្រូវចូលរួមថែរក្សាអគារ និងឧបករណ៍បរិក្ខារពេទ្យ ដើម្បីបម្រើដល់ការប្រើប្រាស់ឱ្យបានយូរអង្វែង ដើម្បីសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសទ្ធិភាព និងសមធម៌៕IMG_20240419_222016_192

IMG_20240419_221957_131

IMG_20240419_221950_553

Comments

Related posts