កម្ពុជា-ចិន ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយផ្តោតលើការជម្រុញអនុវត្តគម្រោង “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហឺណាន​-​អាស៊ាន “គម្រោងវិថីសូត្រផ្លូវអាកាស””

ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ - ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន សូវកាង (H.E Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជម្រុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតីនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” “ផែនការសកម្មភាពនៃការកសាងសហគមន៍​វាសនារួម កម្ពុជា-​ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល​​កម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។

 

 ក្នុងកិច្ចប្រជុំនេះ  ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុន សូវកាង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ុន សូវកាង ដែលគាំទ្រដល់ស្មារតី “ឆ្នាំនៃការផ្លាស់​ប្តូរ​ប្រជាជន​​និងប្រជាជន កម្ពុជា-ចិន ២០២៤” តាមរយៈការសហការរៀបចំ “ការសម្តែងក្បាច់គុនសាវលីញ និងល្បុក្កតោនៅអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីជួយដល់ការទាក់ទាញទេសចរអន្តរជាតិ ជាពិសេសទេសចរចិនមកកាន់ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យ​ទេសចរណ៍ ដែលជាចលករដ៏សំខាន់មួយក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

 

 ឯកឧត្តម ស៊ុន សូវកាង  បានលើកឡើងថា កម្ពុជាជាមិត្តដ៏ស្មោះត្រង់របស់ចិន ហើយតែងគាំទ្រគោលនយោបាយចិន និងបានប្ដេជ្ញាចូលរួមគាំទ្រអនុវត្តនូវវិធានការ និងសកម្មភាពយុទ្ធសាស្ត្រនានា ដែលបានដាក់ចុះក្នុងការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ។

 

 ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម ស៊ុន សូវកាង  បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយផ្តោតលើការជម្រុញអនុវត្តគម្រោង “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហឺណាន​-​អាស៊ាន “គម្រោងវិថីសូត្រផ្លូវអាកាស”” និងបានឯកភាពបង្កើតក្រុមការងារ ដើម្បីអនុវត្តខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍​នៃប្រទេសទាំងពីរ៕0C9DD306-33EA-40E6-A6F8-793586F86B5FCA4DFB8C-8FA2-48CB-B033-766197F1049612C300F4-25EC-4488-857D-39F3FB408C6A4D0FD98E-A3C8-46F5-B97E-0577259FD1FB

Comments

Related posts