សមាជិកសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៤ ២០២៤

IMG_9357

IMG_9361

IMG_9358

IMG_9360

IMG_9359

 

សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ(AFPPD) ដើម្បីជំរុញការគិតគូរផ្នែកសុខភាព ជីវភាពរបស់មនុស្សដែលមានវ័យជរា។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨) នៃរដ្ឋសភា បានចែករំលែកអំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅកម្ពុជា ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចំណាស់ឆ្នាំ២០១៧-២០៣០ ដែលបានកំណត់អាទិភាពចំនួន៩រួមមាន៖ ការធានាសន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព របៀបរបបនៃការរស់នៅ បរិស្ថានអំណោយផល សមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ទំនាក់ទំនងអន្តរជំនាន់ ការរំលោភបំពាននឹងអំពើហិង្សាលើមនុស្សចាស់ ស្ថានភាពមានអាសន្ន និងការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេង។ រាជរដ្ឋាភិបាលបានបន្តការគិតគូរ យកចិត្តទុកដាក់ខ្ពស់ដល់មនុស្សវ័យចំណាស់ ជាពិសេសអ្នកដែលជាអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន តាមរយៈការផ្តល់ជូននូវរបបសន្តិសុខសង្គម ទាំងលើសោធននិវត្ត និងការថែទាំសុខភាព ហើយក៏បាន និងកំពុងពង្រីកបន្ថែមសម្រាប់កម្មករ និយោជិតផងដែរ។ 

លោកជំទាវ លើកឡើងថា «មនុស្សចាស់ គឺជារតនៈវត្ថុ យើងត្រូវយកចិត្តទុកដាក់ថែទាំ និងបង្កលក្ខណៈឱ្យមនុស្សចាស់បានចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម»។ លោកជំទាវបន្តថា នៅកម្ពុជាមានយន្តការបន្ថែមរួមមាន សមាគមមនុស្សចាស់ និងសមាគមអតីតយុទ្ធជន ដែលជាយន្តការសាមគ្គីភាពរវាងមនុស្សចាស់ ក៏ដូចជាអតីតយុទ្ធជនក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក លើផ្នែកស្មារតី និងផ្លូវចិត្ត។ ការគាំទ្រលើយន្តការសមាគមខាងលើរួមមាន៖  ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា និងសប្បុរសជនក្នុង និងក្រៅស្រុកនានាផងដែរ។  លើសពីនេះទៅទៀត សភាកម្ពុជាត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាពីការអនុវត្តល្អរបស់សភានៃប្រទេសនានាក្នុងតំបន់ ដើម្បីទទួលបានព័ត៌មាននិងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងកាអភិវឌ្ឍ និងលើកកម្ពស់សុខមាលភាពមនុស្សចាស់ឱ្យកាន់តែប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីសភា រដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការយុវជន និងបណ្ឌិតសភា ដើម្បីចែករំលែក និងពិភាក្សាអំពីការអនុវត្តល្អក្នុងគោលនយោបាយ ច្បាប់ និងកម្មវិធីនានា ក្នុងគោលបំណងសម្រេចបាននូវភាពចាស់ជរាសកម្ម និងមានសុខភាពល្អ។  កិច្ចប្រជុំផ្តោតលើគោលនយោបាយ ប្រព័ន្ធ និងសេវាកម្មដែលអាចពង្រឹងបាន ទាក់ទងនឹងភាពចាស់ រួមទាំងវិធីសាស្រ្តធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សចាស់ គោរពស្វ័យភាព សេចក្តីថ្លៃថ្នូរ និងជម្រើសរបស់មនុស្សចាស់ និងរបៀបចាត់វិធានការបង្ការជាដំណោះស្រាយរយៈពេលវែង តាមរយៈ  វិធីសាស្រ្តវដ្តជីវិត ដែលរួមបញ្ចូលសមភាពយេនឌ័រ សង្គមប្រកបដោយបរិយាបន្ន និងសិទ្ធិមនុស្សជាស្នូល។  លើសពីនេះ កិច្ចប្រជុំសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការជួយដល់មនុស្សគ្រប់ជំនាន់ពេញមួយជីវិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាមូលដ្ឋាន ដែលជួបប្រទះដោយសារការកើនឡើងនៃមនុស្សចាស់យ៉ាងឆាប់រហ័ស និងការថយចុះនៃការមានកូន៕

Comments

Related posts