ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរាជទូតជប៉ុនផ្លាស់ប្តូរទស្សនៈជុំវិញវិស័យនយោបាយ និងពាណិជ្ជកម្ម

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៤ ២០២៤

IMG_9454

IMG_9457

IMG_9455

IMG_9458

IMG_9456

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អប់រំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។ 
ជំនួបដែលធ្វើឡើងក្នុងពិធីពិសាអាហារពេលល្ងាច នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រី ថ្ងៃទី២៤ ខែមេសា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង និងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នា ការជឿជាក់ និងផ្តលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពុជាគ្រប់វិស័យមកទល់ សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភ ជ្រោមជ្រែង និងគាំទ្រដ៏ធំធេងនិងមានតម្លៃពីមិត្តជប៉ុនបាន ឡើយ រាប់ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងធនធានមនុស្ស ជាដើម។ 
សម្តេចរដ្ឋសភាធិបតី បានបន្តថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយគ្នាជាយូរមកហើយ ហើយចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និង លើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។
សម្តេចរដ្ឋសភាធិបតី បានអរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តម ឯកអគ្គរាជទូត ដែលបាន អញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ ចំពោះមរណភាពប្អូនប្រុសបង្កើតរបស់សម្តេច កាលពីខែមីនា កន្លងទៅថ្មីៗ ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ គោរពឱ្យតម្លៃ និងផ្តល់ភាពកក់ក្តៅដល់ ក្រុមគ្រួសារសម្តេច។
ឯកឧត្តម ឯកអគ្គរាជទូត បានអបអរសាទរចំពោះវឌ្ឍនភាពនៃការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍដូចសព្វថ្ងៃ៕

Comments

Related posts