ឆ្នាំ២០២៤នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងមានផែនការជាច្រើនក្នុងការស្ថាបនាផ្លូវជនបទ និងផ្តល់សេវាទឹកស្អាតនិងអនាម័យជូនប្រជាពលរដ្ឋឱ្យសម្រេចបានតាមការកំណត់

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៤.២០២៤

IMG_9460

IMG_9464

IMG_9465

IMG_9463

IMG_9466

IMG_9467

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានថ្លែងថា  ក្នុងឆ្នាំ២០២៤នេះ មន្ទីរមានផែនការជាច្រើន ក្នុងការស្ថាបនាផ្លូវជនបទនិងផ្តល់សេវាទឹកស្អាតនិងអនាម័យជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ផលវិជ្ជមានដល់ ការរស់នៅ ការប្រកបរបរប្រចាំថ្ងៃ ការធ្វើដំណើរទៅវិញទៅមក និងសុខុមាលភាពប្រជាជន ។ 
លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ គឺជាវិស័យអាទិភាពដ៍សំខាន់មួយ ដែលរាជរដ្ឋាភិ បាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលនីមួយៗ សំដៅលើកកម្ពស់ និងអភិវឌ្ឍន៍បណ្តាញគមនាគមន៍ផ្លូវតាមតំបន់ជនបទ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ច និងសង្គម ។
តាមរយៈនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង មានភារកិច្ចរៀបចំផែនការ គម្រោងសាងសង់ ជួសជុល ថែទាំ កែលម្អ និងពង្រឹងគុណភាពផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលបេតុង ផ្លូវក្រួសក្រហម ស្ពានតូចធំ សំណង់រំដោះទឹកជាច្រើនប្រភេទ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
លោកបានបន្តថា ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិឱ្យកាន់តែរីកចម្រើន តាមការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មន្ទីរបានបន្តដាក់ចេញផែនការ ស្តារនិងស្ថាបនាផ្លូវជាច្រើនខ្សែបន្ថែមទៀត ជាពិសេសវិនិយោគលើការផ្តល់សេវាទឹកស្អាត និងអនាម័យ ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ។
« នៅក្នុងឆ្នាំ២០២៤នេះ មន្ទីរមានផែនការមួយចំនួនទៀតសម្រាប់អភិវឌ្ឍផ្លូវនៅក្នុង ខេត្តបាត់ដំបងនេះ ផ្លូវជាលក្ខណៈខួបគឺយើងសាងសង់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រ ក្នុងនោះផង ដែរគឺយើងសាងសង់ផ្លូវថែទាំជាលក្ខណៈប្រចាំចំនួន៨ខ្សែដែលគិតជាប្រវែងសរុបគឺ១១៤គីឡូម៉ែត្រ ក្នុងនោះគឺយើងមានផែនការសាងសង់លើផ្លូវកៅស៊ូថវិកាវិនិយោគខេត្តចំនួន២ខ្សែដែលមានប្រវែង ជាង៦០០ម៉ែត្រ ហើយក៏មានផែនការបន្តអភិវឌ្ឍគម្រោងទឹកស្អាតជនបទ ដែលជាជំនួយរបស់ADB ដែលដាក់នៅក្នុងស្រុកសំពៅលូន ដែលគ្រោងនឹងអនុវត្តនៅក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ រួមមានទាំងទឹកស្អាតនិងបង្គន់អនាម័យផងដែរ » ។ 
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ មន្ទីរបានស្តារឡើងវិញផ្លូវក្រាលកៅស៊ូសរុបចំនួន២ខ្សែ , ថែទាំជា លក្ខណៈខួប ផ្លូវក្រាលកំទេចថ្មភ្នំប្រវែងជាង១១គីឡូម៉ែត្រ សាង់សង់លូកាត់ផ្លូវចំនួន១១កន្លែង , ផ្លូវថែទាំជាប្រចាំប្រវែងជាង៦៣គីឡូម៉ែត ផ្លូវជួសជុលបន្ទាន់៣កំណាត់ប្រវែងជាង៤គីឡូម៉ែត ។ ក្នុងនោះ គិតត្រឹមឆ្នាំ២០២៣ ខេត្តបាត់ដំបងមានអត្រាអនាម័យជនបទចំនួន៨១ភាគរយ ដែលមានអត្រាបញ្ចប់ ការបន្ទោបង់ពាសវាលពាលកាលចំនួន២០១ភូមិ និងឃុំចំនួន១៤ឃុំ ហើយអត្រាផ្គត់ផ្គង់ទឹកស្អាត ជនបទចំនួន៧៩ភាគរយ ៕

Comments

Related posts