កសិដ្ឋានបន្លែសរីរាង្គបូកគោ ដាំដុះបន្លែផ្តោតសំខាន់លើសុវត្ថិភាព គុណភាព និងបរិស្ថាន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៤.២០២៤

IMG_9473

IMG_9472

IMG_9471

IMG_9470

IMG_9469

កសិដ្ឋានបន្លែសរីរាង្គបូកគោ បានដាំដុះបន្លែផ្តោតសំខាន់លើសុវត្ថិភាព គុណភាព និងបរិស្ថាន ក្នុងគោល បំណងលើកកម្ពស់គុណភាពបន្លែក្នុងសុ្រក និងផ្ដល់ទំនុកចិត្តដល់អតិថិជនដែលបរិភោគបន្លែ ចេញពី កសិដ្ឋានមួយនេះ ។

លោក ណាល់ វិឆៃ ប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសនៃកសិដ្ឋានបន្លែសរីរាង្គបូកគោ បានឱ្យដឹងថា កសិដ្ឋានបន្លែសរីរាង្គបូកគោមានដាំបន្លែជាច្រើនប្រភេទ ដោយដាំដុះលើទឹកចំនួន៧រោង (Hydroponics) និងដាំដុះនៅលើដីចំនួន៥រោង តាមបច្ចេកទេសបន្លែសុវត្ថិភាពស្តង់ដារ (GAP) ដែលមានផ្ទៃដីសរុប ប្រមាណ ១៥ហិកតា មានការថែទាំគ្រប់ដំណាក់កាលនៃការដាំដុះ ប្រមូលផលដោយយកចិត្តទុកដាក់ និងវេចខ្ចប់ប្រកបដោយអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទទួលទានដល់អតិថិជន ។ 
លោកបានបន្តថា ចំពោះការដាំដុះបន្លែទាំងអស់នេះ គឺពីមួយដំណាក់កាលទៅមួយដំណាក់កាល កសិដ្ឋានបានខិតខំថែទាំយ៉ាងត្រឹមត្រូវនិងយកចិត្តទុកដាក់ ក្នុងការអនុវត្តការដាំដុះបន្លែ ប្រកបដោយ បច្ចេកទេស និងអនុវត្តទៅតាមគោលការណ៍ស្តង់ដារជាច្រើន រាប់ចាប់ពីសុខភាពរបស់អ្នកបរិភោគ និងបរិស្ថានល្អ ជាពិសេសនោះគឺការអនុវត្តកសិកម្មល្អ GAP ដើម្បីធ្វើយ៉ាងណាដំណាំទទួលបាន ទិន្នផលល្អ ស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ រួមមាន ៖ ការគ្រប់គ្រងកត្តាចង្រៃ ការរក្សាទម្រង់ដីល្អសម្រាប់ការដំាដុះដំណាំ អនុវត្តន៍ការដាំដុះជាលក្ខណៈវិលជុំ ការគិតគូរពីបរិស្ថាន ការរក្សាជីវៈចម្រុះ ជាដើម ។ 
ជាងនេះទៅទៀត កត្តាដែលកសិដ្ឋានទទួលបានការគាំទ្រយ៉ាងច្រើនបែបនេះ ដោយសារតែកសិដ្ឋានបន្លែ សរីរាង្គបូកគោ មានប្រភពច្បាស់លាស់ អនុវត្តទៅតាមបច្ចេកទេសត្រឹមត្រូវ ជាពិសេសគឺជាប្រភេទបន្លែ ដែលមានសុវត្ថិភាពនិងជម្រើសច្រើន ។ 
  « ការគ្រប់គ្រងកត្តាចង្រៃគឺសំខាន់ណាស់ ដែលកសិដ្ឋានយើងបានជ្រើសរើស ក្នុងការដាំដុះនៅ ក្នុងផ្ទះសំណាញ់ មានគុណប្រយោជន៍ច្រើន ដើម្បីទប់ស្កាត់ការបំផ្លាញពីកត្តាធម្មជាតិ ដែលធ្វើឱ្យតែមាន បញ្ហាខូចគុណភាព ទី២ ទប់ស្កាត់ការបំផ្លាញសត្វល្អិតចង្រៃ ពិតណាស់ដែលយើងដាំនៅខាងក្រៅ ការបំផ្លាញនៃសត្វល្អិតចង្រៃគឺមានច្រើន ដែលត្រូវមានវិធានការការពារខ្ពស់ ប៉ុន្តែការជ្រើសរើសការដាំ បន្លែនៅក្នុងផ្ទះសំណាញ់នេះ គឺជួយឱ្យយើងកាត់បន្ថយ និងការពារបានច្រើន ពីការបំផ្លាញ ក្នុងនោះក៏មាន ការរក្សាឱ្យបាននូវការគ្រប់គ្រងវិធានការចម្រុះនៃកត្តាចង្រៃ ការរក្សាឱ្យបាននូវគុណភាពនិងទម្រង់ដី ដែលធ្វើការលូតលាស់របស់បន្លែមានការលូតលាស់លឿន ដោយមិនពឹងផ្អែកទៅលើការប្រើប្រាស់ សារធាតុផ្សេងៗ ឬជីគីមីដើម្បីជំរុញទៅដល់ការលូតលាស់របស់បន្លែ » ។ 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ បន្លែក្នុងកសិដ្ឋានបន្លែសរីរាង្គបូកគោ ភាគច្រើនបាននិងកំពុងផ្គត់ផ្គង់លើទីផ្សារ ក្នុងរាជធានីភ្នំពេញ ដោយមានបន្លែរហូតដល់ជិត៣០ប្រភេទ រួមមាន ៖ សាឡាត់ ស្ពៃបូកគោ ផ្កាខាត់ណា ,ខាត់ណាដើម , ប៉េងប៉ោះ ,ល្ពៅបារាំងលឿង , ស្ពៃក្តោប , ស្ពៃចង្កឹះ , ដំឡូងលឿង ,ដំឡូងស្វាយ , ការ៉ុត, ត្រឡាច , ម្ទេសប្លោក , ត្រសក់ ,ននោង , ស្ពៃតឿ , ជី , សណ្តែកកួរ ជាដើម ៕

Comments

Related posts