ដំណាំពោតរបស់សហគមន៍កសិករនៅភូមិខាំផាន់ជាង១៥ហិកតា រងនិងកាសធាតុឡើងកម្តៅខ្លាំង បង្កឱ្យថមថយទិន្នផល

វិទ្យុជាតិកម្ពុជា- គឹមហឿន
ស្ទឹងត្រែង- កសិករ បានព្យាយាមដាំពោតធ្វើជាភូមិមួយមានផលិតផលមួយ   តែនៅឆ្នាំនេះដំណាំពោតរងអាកាសធាតុក្ដៅខ្លាំងបង្កឱ្យផលពោត  ត្រូវខាតបង់  ដោយសារតែផ្លែ  វាដាក់គ្រាប់មិនបានពេញលេញ   ហើយគ្មានអ្នកបញ្ជាទិញ  តម្រូវលក់ទៅធ្វើចំណីគោវិញ។
       ក្នុងសកម្មភាពចុះពិនិត្យដំណាំពោតនៅភូមិខាំផាន់  សង្កាត់សាមគ្គី  ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២៤មេសាឆ្នាំ២០២៤       លោកអនជួនមេភូមិខាំផាន់បានបញ្ជាក់ថា៖ដំណាំពោតកសិករនៅនេះជួបប្រទះអាកាសធាតុប្រែប្រួល ជាគ្រោះចង្រៃមួយ   បានបង្កឱ្យពោតដាក់គ្រាប់មិនបានពេញលេញ   ធ្វើឱ្យកសិករខាតបង់ថវិកាប្រមាណជាង២០%ក្នុងចម្ការនិមួយៗ  ទោះបីបងប្អូនខិតខំប្រើមធ្យោបាយថែទាំ  បូមដាក់ទឹក  កិតកាលយ៉ាងណាក៏ដោយ។
      លោកបន្តថា៖ការដាំដុះបច្ចុប្បន្នកសិករអនុវត្តតាមបច្ចេកទេស  ទាំងការថែទាំ និងការជ្រើសរើសពូជ បានត្រឹមត្រូវហើយ  តែឆ្នាំនេះអាកាសធាតុក្ដៅហួសការស្មាន  បង្កឱ្យដំណាំពោតថយគុណភាព ។
សំឡេង"ឆ្នាំនេះវាក្ដៅពេកទឹកមិនគ្រប់គ្រាន់ផ្លែវាមានខ្លះអ៊ីចឹងមិនអាចបំពេញគ្រាប់ប៉ុន្តែយើងចង់ទប់និងធាតុអាកាសអត់បានទេវាអាចថយចុះប្រមាណ១៥ទៅ២០%គុណភាពវាបើដូចរាល់ឆ្នាំអត់អីទេគឺពោតសាច់ពេញៗព្រោះធាតុអាកាសត្រជាក់អត់ដូចឆ្នាំនេះក្ដៅ។"
      លោក ឈាវសុគុណថែល រស់នៅចំណុចខេ  ក្នុងភូមិខាំផាន់ បានបញ្ជាក់ថា៖កសិករប្រមាណជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្តិ៍ឈ្មោះភូមិមួយមានផលិតផលមួយ  គឺពោតសហគមន៍ភូមិខាំផាន់។
     លោកបន្ថែមថា៖ ដំណាំពោតនៅជុំទី៣នេះ  ស្ទើរតែបាត់បង់ ផលិតផលមួយភូមិមួយ  ព្រោះ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ     ធ្វើឱ្យកសិករខាតបង់ដើមទុនទៅលើការចំណាយ។ សំឡេង"ដល់ពេលវាក្រៅបូមអត់ឈ្នះប្រេងមួយលីត្រ៥ពាន់   ទប់និងកំដៅអត់បានទេ   បើយើងបូមនៅពេលល្ងាចវាបានពេលយប់ត្រជាក់ខ្លះ   តែបើបូមទឹកដាក់ពេលថ្ងៃវាក្ដៅ  ឆាប់ហួតដ៏ដែល    អ៊ីចឹងវាចំណាយចោល      ហើយបូកជាមួយការប្រមូលផល   វាមិនរួចខ្លួនទេ។"
         លោកស្រីឆៃចិត្រា  អ្នកស្ងោរពោតលក់ នៅក្រុងស្ទឹងត្រែង  បានឱ្យទទួលស្គាល់ថា៖បច្ចុប្បន្នពោត និងបន្លែផ្សេងៗ ដែលនាំចេញពីភូមិខាំផាន់នេះ ស្រួលលក់ដូរជាងពោតនិងបន្លែនាំចូលមកពីបណ្តាតំបន់នានា ព្រោះអាតិថិជនបានស្គាល់ប្រភពច្បាស់លាស់  និងមានរសជាតិឆ្ងាញ់ ផង។
    លោកស្រីថា ៖ ពោត ឆៅក្នុងមួយផ្លែមានតម្លៃចាប់ពី៥ទៅ៧០០រៀល   ពេលស្ងោរឆ្អិនមួយតម្លៃ១០០០រៀលតែប៉ុណ្ណោះ។
        សូមបញ្ជាក់ថា៖នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត  នៅតាមជួរដងទន្លេមេគង្គ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ  ចាប់ពីអូរ(ម៉មកើត)ទៅដល់អូរឈើទាល(កោះកី)    ហើយបច្ចុប្បន្នដំណាំពោតជាង១៥ហិកតា  កំពុងរងការថមថយទិន្នផលដោយសារ  តែអាកាសធាតុក្ដៅហួសកម្រិត នេះ៕photo_2024-04-25_14-35-15photo_2024-04-25_14-35-01

photo_2024-04-25_14-34-51

Comments

Related posts