រដ្ឋបាលខេត្តបាត់ដំបងកំពុងអនុវត្តនូវផែនការមួយចំនួន ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពខ្ពស់

 វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៥ ០៤ ២០២៤

IMG_9525

  MC៖ រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងអនុវត្តនូវផែនការមួយ ចំនួន  ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល កម្ពុជាសំដៅសម្រេចឱ្យបានការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ 
  លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា   ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តនានាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញនូវផែនការសកម្មភាព អនុវត្តជាក់ស្ដែងលើវិធានការផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់ រួមមាន 
១.វិធានការអប់រំ បង្កើនការផ្សព្វផ្សាយអប់រំទូលំទូលាយគ្រប់មជ្ឈដ្ឋានតាមគ្រប់រូបភាពដូចជា ការជួបជុំ តាមភូមិករ វេទិកាសាធារណៈ ពិធីការរដ្ឋបាល ពិធីសាសនា ដល់មន្ត្រីរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ឱ្យមានការយល់ដឹងអំពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន។ ២.វិធានការរដ្ឋបាល គ្រប់ក្រុង ស្រុកទាំង១៤ ដោយបានចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាទីតាំងសប្បាយដ្ឋាននានា អំពីការទទួលខុសត្រូវ នូវរាល់បទល្មើសគ្រឿងញៀន លើទីតាំងសប្បាយដ្ឋាននានារបស់ខ្លួន ។ ៣.វិធានច្បាប់ បង្កើនការបង្ក្រាបគ្រឿងញៀនតាមយន្តការដែលបានអនុវត្តន៍កន្លងមក ចំនួន៦ចំណុច ដែលអាជ្ញាធរខេត្តបង្ក្រាបបានដោយសារ ជនបង្កប់(ធ្នាក់)ពីបណ្ដាញថ្នាក់ជាតិ ឬរាជធានី ខេត្ត វិវាទផ្ទៃក្នុងនៃក្រុមឧក្រិដ្ឋជន ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនឆែកឆេរទីតាំងសប្បាយដ្ឋានមួយចំនួន និងការរាយការណ៍របស់ប្រជាពលរដ្ឋ។
  លោកអភិបាលរងបានបន្តថា ទន្ទឹមនឹង វិធានការខាងលើ ដើម្បីបង្កើនការបង្ក្រាបគ្រប់ក្រុង ស្រុក ត្រូវបន្តប្រមូលជនញៀនថ្នាំ ពិសេសជនញៀនថ្នាំចុះចោលផ្ទះសម្បែង ជនអនាថា ជនវិបល្លាស ដែលជាឈ្នាន់ជួញដូរគ្រឿងញៀនស្រទាប់ក្រោមឱ្យពួកឧក្រិដ្ឋជន ដើម្បីកាត់ផ្តាច់ការជួញដូរស្រទាប់ក្រោម។
ជាងនេះទៅទៀតចាប់ពីឆ្នាំ២០២៤តទៅ គ្រប់ស្រុកទាំងអស់ត្រូវជ្រើសរើសយកភូមិ១ ភូមិគ្មានគ្រឿងញៀនដើម្បីដាក់ ការគាំទ្រដោយប្រើប្រាស់មធ្យោបាយសរុបកម្លាំងសរុបឱ្យភូមិនោះ។ ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង បានប្ដេជ្ញាចូលរួមអនុវត្តបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
យើងអនុវត្តរបៀបនេះ ដោយឯកឧត្តម សុខលូ អភិបាល ខេត្ត ដែលលោកជាប្រធានគណៈបញ្ជាការ ខេត្ត លោកកំពុងតែមានការផ្សព្វផ្សាយ ធ្វើតេស្តរកសារធាតុញៀន លើកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ មន្ត្រីរាជការនិងតាមបណ្តាមន្ទីរទាំងអស់ ដែលកំពុងមានតួនាទីបំពេញ ភារកិច្ចនៅក្នុងខេត្ត ដោយបាន អនុវត្តជាបណ្តើរៗហើយ ដោយត្រូវតែធ្វើឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខនេះ។ »   
    លោកអភិបាលរងបានបន្តទៀតថា សម្រាប់វិធានការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យ បង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពសរុបចំនួន ៣៧កន្លែង បានចូលរួមយ៉ាងសកម្មបំផុត និងទទួលបាន លទ្ធផលដ៏ល្អប្រសើរ និងមជ្ឈមណ្ឌល ចំនួន ០២ កន្លែង គឺមជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹម នៅស្រុកបវេល និង មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន កស៊ីនួន នៅស្រុករតនមណ្ឌល បានទទួលសេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានសរុបចំនួន ៥៨២ នាក់ ស្រី ១៥ នាក់៕

Comments

Related posts