ការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនៅខេត្តបាត់ដំបង នៅសេសសល់ប្រមាណ២០ភាគ រយទៀតប៉ុណ្ណោះ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៤.២០២៤

IMG_9526

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ថ្លែងថា គិតត្រឹមឆ្នាំ២០២៤ ការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ នៅសេសសល់ប្រមាណ២០ភាគរយទៀតប៉ុណ្ណោះ ដែលទាមទារឱ្យមានការរួមសហការយ៉ាងជិតស្និទ្នជាមួយអង្គការដៃគូនានា ដើម្បីធ្វើឱ្យសម្រេចបានតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកនិងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់១០០ភាគរយ នៅឆ្នាំ២០៣០ ។
    លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្ននេះខេត្តបាត់ដំបង មានអត្រាអនាម័យជនបទចំនួន៨១ភាគរយ ដែលមានអត្រាបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានចំនួន២០១ភូមិនិងឃុំចំនួន១៤ឃុំ ហើយក្នុងនោះ អត្រាផ្គត់ផ្គង់ទឹកស្អាតជនបទសម្រេចបានចំនួន៧៩ភាគរយហើយ ។
លោកបានបន្តថា បើទោះបីជាអត្រានៅសេសសល់មានចំនួនតិចតួចក៏ពិតមែន តែសុទ្ធសឹងតែជាតំបន់គោលដៅដែលមានបញ្ហាប្រឈមច្រើន ពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រ ការយល់ដឹង និងធនធាន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់មានការយល់ដឹងខ្ពស់ពីសារៈសំខាន់ និងចូលរួមឱ្យកាន់តែសកម្មក្នុងការលើកកម្ពស់ស្ថានភាពអនាម័យនៅតាមតំបន់ដាច់ស្រយាល ។ 
« ដោយសារតែសកម្មភាពនេះមានទំហំធំ ហើយយើងឃើញថា នៅសល់តិចពិតមែនប្រមាណជា២០ភាគរយ សម្រាប់ការងារផ្គត់ផ្គង់ទឹកស្អាតក៏ដូចជាអនាម័យជនបទនេះ តែការពិតនោះ គឺយើងមិនអាចទ្រទ្រង់តែមន្ទីរឬក៏រាជរដ្ឋាភិបាលម្នាក់ឯងបាននោះទេ គឺយើងត្រូវការដៃគូសហការពីអង្គការនានា ដែលរួមសហការអនុវត្តវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដែលលោកមានកិច្ចព្រមព្រៀងជាមួយក្រសួង នឹងចុះមកអនុវត្តនៅតាមបណ្ដាខេត្ត គឺយើងរួមសហការដៃគូជាមួយគ្នា រួមនឹងសប្បុរសជនផ្សេងទៀត ចំពោះការផ្តល់ទឹកស្អាតនិងអនាម័យ ហើយក្នុងនោះក៏មានមន្ទីរឧស្សាហកម្ម ដែលផ្ដល់ប្រព័ន្ធទឹកចែកចាយនៅតាមតំបន់ទីប្រជុំជននេះផងដែរ ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យឆ្នាំ២០៣០ខាងមុខនេះ សម្រេចបាន១០០ភាគរយ តាមការកំណត់ » ។ 
   សូមបញ្ជាក់ថា ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតជនបទ មន្ទីរបានសាងសង់អណ្តូងបាន ៣១,៧៩៤ អណ្តូង សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកតាមទុយោសហគមន៍១ប្រព័ន្ធ នៅភូមិគោរកា ឃុំដូនបាស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ដល់ដីឡូលំនៅឋាន និងកសិកម្ម សម្បទានដីសង្គមកិច្ចសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារសាងសង់អណ្តូងស្នប់អាហ្វីយ៉េវចំនួន២០៨ អណ្តូង ( ស្រុកសំពៅលូន១៩៩, សង្កែ ១,បវេល ២,ថ្មគោល ៤, បាណន់ ២) ។ ក្នុងនោះ ការងារអនាម័យជនបទ មន្ទីរបានចុះអប់រំ ផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថឈប់ការបន្ទោបង់ពាសវាលពាសកាលនៅតាមព្រៃ និងទីសាធារណៈ ហើយប្រជាជនដែលមានលទ្ធភាព គួរតែសាងសង់បង្គន់អនាម័យឱ្យបានគ្រប់ខ្នងផ្ទះកុំរង់ចាំជំនួយ ។ ជាពិសេសអាជ្ញាធរឃុំ ស្រុក គួរតែវិភាគថវិការបស់ថ្នាក់ឃុំស្រុកដើម្បីចូលរួមក្នុងការលើកកម្ពស់អនាម័យដូចជាការជួយឧបត្ថម្ភ ទុនដល់គ្រួសារក្រីក្រក្នុងការសាងសង់បង្គន់អនាម័យផងដែរ ៕

Comments

Related posts