សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញពិសាអាហារសាមគ្គី និងបំពាក់គ្រឿង ឥស្សរិយយស ជូនអ្នកសិល្បៈ

វិទ្យុជាតិកម្ពុជា​

IMG_9552

IMG_9549-1

IMG_9576

IMG_9568

IMG_9577

IMG_9566-1

IMG_9564-1

IMG_9580-1

IMG_9578-1

IMG_9574

IMG_9573

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿង ឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី ដែល ពិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានការប្រោសព្រះរាជទាន និងការប្រគល់នូវគ្រឿងឥស្សរិយយសសរុបចំនួន ២,១៣៣គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ
វីរសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាស្ថាប័នមួយដែលមានភារកិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ របស់ជាតិ ដោយមានកិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់សិល្បករ សិល្បការិនី សិប្បករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលជាភាពជោគជ័យមួយនៅក្នុងការថែរក្សា ការពារនូវអ្វីដែលជាសម្បត្តិបេតិកភណ្ឌរបស់ដូនតា។
នាពេលកន្លងមក កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ ASEM ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ និងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការបង្ហាញនូវវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ទៅកាន់ពិភពលោក ដោយមានការសម្តែងទស្សនីយភាពជាច្រើន។
ក្នុងព្រឹត្តិការណ៍នេះហើយដែលសិល្បករ សិល្បការិនីគ្រប់ទម្រង់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បានចូលរួមសម្តែងរួមរហូតបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មហាអស្ចារ្យដែលបង្ហាញឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមមួយកម្រិតទៀត។
បន្ថែមពីលើនេះ រាល់ព្រឹត្តិការណ៍ដែលបានរៀបចំដោយក្រសួងក្តី ដោយស្ថាប័ននានាក្តី គឺទទួលបានជោគជ័យដោយមានការចូលរួមរបស់សិល្បករ សិល្បការិនីមកពីគ្រប់ទម្រង់ និងគ្រប់មជ្ឈដ្ឋាន ដូចជាការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍រាត្រីចងចាំ ការចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពិធីបុណ្យទន្លេ បុណ្យសមុទ្រ ជាពិសេសការរៀបចំនូវសង្ក្រាន្តតាមរាជធានី-ខេត្តទូទាំងប្រទេសនាពេលកន្លងទៅថ្មីៗនេះ។
ដើម្បីជាការលើកទឹកចិត្តដល់គ្រប់សមាសភាពដែលបានចូលរួមចំណែកអភិរក្ស លើកស្ទួយ និងអភិវឌ្ឍ លើវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ក៏ដូចជាការចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ធំៗកន្លងមក ក្រសួងបានស្នើសុំគ្រឿងឥស្សរិយយសសរុបចំនួន ២,១៣៣គ្រឿង ដើម្បីជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដោយទទួលបានលទ្ធផលដូចតទៅ៖
១៖ ជាតូបការ ចំនួន ១៥គ្រឿង
២៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៣គ្រឿង
៣៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន ១២គ្រឿង
៤៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន ១៨គ្រឿង
៥៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន ២គ្រឿង
៦៖ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន ៥គ្រឿង
៧៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ៣៧គ្រឿង
៨៖ មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន ៥៦គ្រឿង
៩៖ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ៤១១គ្រឿង
១០៖ មុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន ៨២គ្រឿង
១១៖ មុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន ១,៤៦១គ្រឿង
១២៖ សហមេត្រី ថ្នាក់អស្សឫទ្ធិ ចំនួន ១គ្រឿង
  កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសនេះ គឺជាការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ក្នុងការបំពាក់គ្រឿងឥស្សរិយយសដោយផ្ទាល់ជូនដល់ថ្នាក់ដឹកនាំ សិល្បករ សិល្បការិនីសរុបចំនួន ៦៨រូប៕

Comments

Related posts