សម្តេចធិបតីថ្លែងថាកម្ពុជាមិនធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារប្រទេសមហាអំណាចជាថ្មីនោះទេ

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

ព្រះសីហនុ៖ សម្តេចធិបតីហ៊ុន ម៉ាណែតថ្លែងថា  កម្ពុជាមិនធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយសារប្រទេសមហាអំណាចណាមួយជាថ្មីនោះទេ ដើម្បីធ្វើយ៉ាងណារក្សាសុខសន្ដិភាពសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខសាន្ដ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សូមកុំយកកម្ពុជាធ្វើជាភូមិសាស្រ្ដជម្លោះនៅក្នុងតំបន់ ព្រោះកម្ពុជាមិនមានជម្រើសចាប់អ្នកណា ប្រឆាំងអ្នកណានោះទេ គឺកម្ពុជាសាមគ្គីទាំងអស់គ្នា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សង្ឃឹមថា នយោបាយភូមិសាស្រ្ដការប្រកួតប្រជែងមិនឈានទៅដល់ការប៉ះទង្គិចគ្នា ដើម្បីបាត់បង់ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកដូចកាលពីទសវត្សរ៍ ឆ្នាំ៧០ និង៨០តទៅទៀត នោះទេ បន្ទាប់ពីសង្គ្រាមនៅកម្ពុជាកើតចេញពីការធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមប្រទេសមហាអំណាច។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេ ហើយកម្ពុជាឆ្លងកាត់រួចហើយសង្គ្រាម ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់បានតែសេចក្តីសុខ និងចង់ឱ្យប្រជាពលរដ្ឋឃើញតែពន្លឺភាពសុខសាន្តតែប៉ុណ្ណោះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមានសមត្ថភាពធ្វើអ្វី ដែលជារបស់ខ្មែរមិនចាញ់គេនោះទេ ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ចៀសកុំឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី៕photo_2024-05-01_08-39-30

Comments

Related posts