តួកគី គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគីមកកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគីមកកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៣០ ខែមេសា          ឆ្នាំ២០២៤ លោកជំទាវ  ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការពេញចិត្តនិងអំណរសាទរ ចំពោះការបើកការិយាល័យពាណិជ្ជកម្ម និងមជ្ឈមណ្ឌលវប្បធម៌តួកគី នៅកម្ពុជា។ ម្យ៉ាងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគី មកកម្ពុជា។ 
លោកជំទាវសង្ឃឹមថាជើងហោះហើរនេះនឹងជួយឲ្យការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែ មានភាពងាយស្រួល និងពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។
លោកជំទាវក៏បានសម្តែងការអរគុណចំពោះសភាកម្ពុជាដែលបានគាំទ្រតួកគីចូលជាអ្នកសង្កេតការណ៍របស់អាយប៉ាកន្លងមក។ ជាមួយគ្នានេះ លោកជំទាវ បានស្នើសុំកម្ពុជាគាំទ្រតួកគីជាដៃគូពិភាក្សា (Dialogue Partner) របស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា។ Maarif Foundation គឺជាមូលនិធិមិនសំដៅប្រាក់ចំណេញដែលយកចិត្តទុកដាក់លើការកសាងគ្រឹះស្ថានអប់រំនៅបរទេស ហើយមូលនិធិនេះក៏មានការផ្តល់អាហាររូបករណ៍តាមសកលវិទ្យាល័យផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជានិងតួកគីមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា។ ឯកឧត្តមក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកជំទាវឯកអគ្គរដ្ឋទូត ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា ដែលជំនួបទាំងពីរនេះបានរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ 
ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីគោលដៅអាទិភាពរបស់ សម្តេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា គឺសម្តេចចង់ប្រែក្លាយស្ថាប័នព្រឹទ្ធសភាឲ្យក្លាយជាសភាការទូតដ៏សកម្ម។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម សង្ឈឹមថាស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-តួកគីនឹងមានសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ។ 

ជាចុងក្រោយ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបលោកជំទាវថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif និងគាំទ្រប្រទេសតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងបានសម្តែងការជឿជាក់ថា ឯកឧត្តមប្រធានសភាតួកគីនឹងអញ្ជើញចូលរួមវេទិកាអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា៕20FC5CF7-3BE9-4A9A-83AA-3FF43E6370E12B9655F6-8CA7-41C3-A27C-1AC1CA15EEFB81967F1D-0B6C-45BC-B2EB-739F3574368873DBB9C0-AED7-4E30-89D9-7866FEAEB46C

Comments

Related posts