រដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សា ជាមួយ AIMF ដើម្បីពិភាក្សាលើ សមាសភាពលេខាធិការ អចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលនឹងធ្វើក្នុងខែឧសភា នៅទីក្រុងឡូហ្សាន ប្រទេសស្វីស

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា០៥ ០៤ ២០២៤

IMG_6852

IMG_6853-1

IMG_6854-1

IMG_6860-1

IMG_6861-1

  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការអចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
    កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាពនៃការជ្រើសរើសលេខាធិការ អចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្សដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) ឱ្យកាន់តែមានភាពរឹងមាំ ។ ក្នុងចំណោមឥស្សរជនទាំង៥រូបនេះត្រូវជ្រើស រើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ  (Pierre BAILLET) ដែលត្រូវចូលនិវត្ត។
    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងខ្ញុំពិតជាមានភាពជឿជាក់ចំពោះ លោកស្រីអាន អ៊ុដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ជំនួសលោក ព្យែរ ប៊ៃយ៉េ  (Pierre BAILLET) ដែលចូលនិវត្ត។
     សូមបញ្ជាក់ថា សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និង លោក ហ្សង់ ប៉េលឺធៀ (Jean - PELLETIER) អតីតអភិបាលក្រុងកេបេក (Québec) ប្រទេសកាណាដា។ សមាគមនេះមានសមាជិកចំនួន ៣០៧ មកពី ៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊ែយ៉េ(Pierre BAILLET) ជាលេខាធិការអចិន្ត្រៃយ៍។
    សមាគម AIMFដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំងរវាងទីក្រុងផ្សេងៗ ដូចជាសមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គី ភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។
   គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះ រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕

Comments

Related posts