ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣

វិទ្យុជាតិកម្ពុជា៖លោកចេមហូត

ភ្នំពេញ៖នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA) លើកទី៤៣ បានអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ ក្រោមមូលបទ "បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។

 

អន្តរសភាអាស៊ាន (អាយប៉ា/ AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាងឱ្យពលរដ្ឋប្រមាណជិត៧០០ លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

 

មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/ AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់អាយប៉ា ក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។

 

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួននៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក ។ ក្រោមម្លប់នៃសុខសន្តិភាព និងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានយ៉ាងល្អ។

 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ការដែលសភាកម្ពុជាមានលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះបាន គឺដោយសារតែការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ រហូតដល់ដូសជំរុញបន្ថែម ហើយជាលទ្ធផលបានបង្កើតភាពស៊ាំក្នុងសហគមន៍កម្ពុជាមានលទ្ធភាពពេញលេញ ក្នុងការបើកដំណើរការសកម្មភាពសង្គមឡើងវិញ លើគ្រប់វិស័យចាប់ពីចុងឆ្នាំ២០២១ មក។ ស្របពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា នៅឆ្នាំ២០២២នេះ ក្នុងនាមប្រធានអាស៊ានដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅក្នុងខែវិច្ឆិកានេះផងដែរ។ ព្រឹត្តិការណ៍ទាំងពីរនេះ ជាមុខមាត់ និងជាមោទកភាពបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/ AIPA) លើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី នៅក្នុងតំបន់ និងសកលលោក តាមរយៈនៃការចូលរួមវេទិកាអន្តរជាតិជាច្រើន មានជាអាទិ៍ អន្តរសភាអាស៊ាន(AIPA) សភាតំបន់អាស៊ី(APA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) សភានិយាយភាសាបារាំង(APF) និងសហភាពអន្តរសភា(IPU) ជាដើម។ សភាកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃវេទិកាសភាទាំងនោះជាបន្តបន្ទាប់រួចមកហើយដែរ។

 

សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតមួយនេះចំនួនពីរលើករួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៤ ជាមហាសន្និបាតអាយប៉ូ លើកទី២៥ ដែលកាលនោះ អន្តរសភាអាស៊ាន នៅមានឈ្មោះថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា(AIPO) នៅឡើយ។ លើកទី២ នៅឆ្នាំ២០១១ សភាកម្ពុជាបានធ្វើប្រធានអាយប៉ាម្ដងទៀតនាមហាសន្និបាតអាយប៉ាលើកទី៣២។ ហើយនៅឆ្នាំ២០២២នេះ គឺជាលើកទី៣ ដែលថ្នាក់ដឹកនាំសភាបណ្តាប្រទេសសមាជិកអាយប៉ា ប្រទេសអ្នកសង្កេតការណ៍ រួមនឹងភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូ នឹងមកជួបជុំគ្នាម្ដងទៀតនៅរាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជា សាជាថ្មីក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/ AIPA) លើកទី៤៣ នេះ ៕IMG_20221118_211207_387IMG_20221118_211216_591IMG_20221118_211211_923IMG_20221118_211226_137

Comments

Related posts