ឯកឧត្តម វង សូត ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA 

photo_2023-11-27_17-23-21

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានគណៈប្រតិភូសភាដែលជាសមាជិកចំនួន ១៩ ប្រទេសអញ្ជើញចូលរួម។ ឯកឧត្តម នូម៉ាន គូទូមូស ប្រធានរដ្ឋសភាតួកគី និងជាប្រធាន APA បានថ្លែងសុន្ទរកថាបើក ដោយបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូសភាសមាជិក APA ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានប្តេជ្ញាក្នុងការពង្រឹងតួនាទីរបស់ APA ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈម និងជម្លោះនានា ដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក។ 

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ សមាសភាពគណៈប្រតិភូដែលចូលរួមអមដំណើរឯកឧត្តមអនុប្រធានទី២រដ្ឋសភា រួមមាន ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិកាគណៈកម្មការទី៦នៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា និងមន្ត្រីជំនាញមួយចំនួនទៀត។  

បន្ទាប់ពីពិធីបើកជាផ្លូវការនេះ ក្រុមប្រឹក្សាប្រតិបត្តិ APA នឹងចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យពិភាក្សាលើករបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមមាន÷ គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ថវិកា និងផែនការ, គណៈកម្មាធិកាអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌, គណៈកម្មាធិការអចិន្ត្រៃយ៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្ត្រៃយ៍នីមួយៗ រួមទាំងបញ្ហាផ្សេងៗទៀត នឹងត្រូវបានពិនិត្យពិភាក្សា ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់មហាសន្និបាត APA លើកទី១៤ ធ្វើការអនុម័ត។ 

គួររំលឹកថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA នាពេលនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរដ្ឋសភានៃសាធារណរដ្ឋតួកគី ធ្វើជាម្ចាស់ផ្ទះរៀបចំ៕photo_2023-11-27_17-23-19

photo_2023-11-27_17-23-21 (2)

photo_2023-11-27_17-23-21 (3)

Comments

Related posts