ចិន សន្យាផ្សព្វផ្សាយពីប្រពៃណី និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត

Chuon Bona | ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ១២ ២៥

រដ្ឋាភិបាលចិន បានសន្យាផ្សព្វផ្សាយពីប្រពៃណី និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត និងគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀត។

ការសន្យានេះធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន  នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម Wang Huning មានប្រសាសន៍ថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។

ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយ បញ្ជាក់ថា ចិន  បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។ ឯកឧត្តម បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។

ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បី ឯកឧត្តមអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តមកាលពីឆ្នាំ២០១៦និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លា បន្ថែមទៀត។

ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕

 

ចិន សន្យាផ្សព្វផ្សាយពីប្រពៃណី និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត
ចិន សន្យាផ្សព្វផ្សាយពីប្រពៃណី និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត
ចិន សន្យាផ្សព្វផ្សាយពីប្រពៃណី និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត