វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៣ ២៥
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ ដើម្បីដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងចុះបញ្ជីដីរដ្ឋ សំដៅធានាសុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តក្រចេះ នៅសាលាខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ជំនួបពិភាក្សានេះ គឺមានគោលបំណងដោះស្រាយវិវាទដីធ្លី ដែលទាមទារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ សំដៅដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងចុះបញ្ជីដីរដ្ឋដែលធានាសុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស បង្កេីតនូវបរិយាកាសគ្មានវិវាទ បិទបញ្ចប់ការវាស់វែង និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជេីញផងដែរពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការ សរុបចំនួន ១៤០នាក់៕