សម្តេចធិបតីអំពាវនាវកុំឱ្យយកសាសនាធ្វើជាអាជីវកម្ម

Chuon Bona | ថ្ងៃទី 24 ខែ មីនា ឆ្នាំ 2025

សម្តេចធិបតីអំពាវនាវកុំឱ្យយកសាសនាធ្វើជាអាជីវកម្ម

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ការថ្លែងរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនលើកទី៩ ឆ្នាំ២០២៥ នៃសាសនាអ៊ិស្លាមកម្ពុជាស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

   វត្តមានដ៏មានតម្លៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជានេះ បានផ្តល់មហាកិត្តិយស និងផ្តល់កម្លាំងចិត្តសាជាថ្មីដល់បងប្អូនសាសនិកអ៊ិស្លាមកម្ពុជា និងប្រិយមិត្តបរទេស ដែលរៀបចំដោយរាជរដ្ឋាភិបាល។

ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការ ចំនួន ៦ ២០០ នាក់ រួមទាំងគណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ និស្សិត បានអញ្ជើញមកចូលរួមក្នុងពិធីពិសាអាហារស្រាយបួសលើកទី៩ ឆ្នាំ២០២៥នេះ។

 

ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជំងឺកូវីដ-១៩។ ហើយឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រយៈពេលជាង១៩ខែមកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនជូនជាតិមាតុភូមិ ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិមានកំណើនជាលំដាប់ ដែលអាចនាំកម្ពុជាឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធិសេរីភាពគោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកអ៊ិស្លាមតែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ដល់សាសនិកអ៊ិស្លាម លើសពីបណ្តាប្រទេសមួយចំនួន”។

កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនាអ៊ិស្លាម ក្នុងចំណោមសសរស្តម្ភទាំង ៥ ។ ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាមជាខែដ៏ពិសិដ្ឋនៃសាសនាអ៊ិស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។ បន្ថែមពីនេះ មូលហេតុសំខាន់ចម្បងមួយទៀត ក្រៅការបួស ឬតមអាហារ អំណត់នាពេលថ្ងៃ សាសនាអ៊ិស្លាម ក៏បានជំរុញ និងលើកទឹកចិត្តដល់សាសនិកទាំងអស់ ក្នុងការសូត្រគម្ពីរអាល់គួរអានឱ្យបានច្រើនផងដែរ ព្រោះថា ខែរ៉ាម៉ាឌន គឺជាខែដែលអល់ឡោះ បានបញ្ចុះគម្ពីរអាល់គួរអានជាលើកដំបូង តាមរយៈ ព្យាការីម៉ូហាំម៉ាត់ ដើម្បីផ្សព្វផ្សាយដល់ជនម៉ូស្លីមទាំងអស់ ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ហើយមាននៅបណ្តាប្រទេសខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦មូហាំម៉ាត់សករាជ សាសនិកអ៊ិស្លាមកម្ពុជា សាសនិកអ៊ិស្លាមនៅលើសកលលោក កំពុងបួសតមអាហារមួយខែ ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥របស់សាសនាអ៊ិស្លាម៕

សម្តេចធិបតីអំពាវនាវកុំឱ្យយកសាសនាធ្វើជាអាជីវកម្ម