បាត់ដំបង៖មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងនិងអាជ្ញាធរស្រុករតនមណ្ឌលនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥បានចុះស្រាវជ្រាវ និងយកសំណាកទឹកដើម្បីពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានក្រោយមានករណីសង្ស័យទឹកអូរត្រែងមានក្លិនស្អុយនិងបណ្ដាលឱ្យពុលត្រី។
តាមការចុះពិនិត្យផ្ទាល់ក្រុមការងារបានកត់សំគាល់ឃេីញថាពុំមានស្លាកស្នាមនៃការលេចធ្លាយឬហូរចូលស្ទឹងទេ ពណ៌ទឹកតាមកាំមេរ៉ា គឺជាស្លែរដែលនៅបាតទឹកពណ៌ខ្មៅ ទឹកថ្លាធម្មតា គ្មានត្រីងាប់នោះទេ។ ការចុះស្រាវជ្រាវរបស់មន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋានបន្ទាប់មានការរាយការណ៍តាមបណ្ដាញសង្គមថា ទឹកអូរត្រែងមានក្លិនស្អុយដែលពួកគាត់សង្ស័យថាមានការបង្ហូរទឹកកខ្វក់ចេញពីសហគ្រាសកែច្នៃដំណាប់ស្វាយដែលមានទីតាំងស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល។
តាមការចុះស្រាវជ្រាវបានឱ្យដឹងថា ប្រព័ន្ធលូដែលសហគ្រាសធ្លាប់បង្ហូរសំណល់រាវចូលទឹកអូរត្រែងត្រូវបានបិទជិត គ្មានការលេចធ្លាយឬលួចបង្ហូរទៀតឡើយ និងគ្មានការដាក់សំណល់រឹង និងដុតសំរាមនៅមាត់អូរទៀតនោះទេ។ សហគ្រាសមានស្រះស្ដុកសំណល់រាវចំនួន៤ដោយបច្ចុប្បន្នកំពុងរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវហើយបើតាមការបញ្ជាក់ពីម្ចាស់សហគ្រាសកែច្នៃដំណាប់ស្វាយបានឱ្យដឹងថាសហគ្រាសមានកន្លែងស្ដុកកាកសំណល់រឹងមួយកន្លែងនៅតំបន់ក្បែរជើងភ្នំឆ្ងាយពីផ្ទះប្រជាពលរដ្ឋ។ ការស្រាវជ្រាវឱ្យដឹងបន្ថែមថា ចំពោះទីតាំងស្ពានស្ថិតនៅផ្នែកខាងក្រោមខ្សែទឹកនៃសហគ្រាសមានសភាពថ្លា ហើយមិនមានការពុលត្រីងាប់ដូចការលើកឡើងតាមបណ្ដាញសង្គមឡើយ។នៅផ្នែកខ្លះនៃអូរស្ថិតនៅខាងក្រោមសហគ្រាសមានថ្លុកទឹកតូចៗចំនួន២ ជាទឹកនឹងមានសភាពទឹកពណ៌ខ្មៅ និងមានស្លឹកឈើរលួយដែលបង្កឱ្យមានក្លិនស្អុយ។បន្ទាប់មកក្រុមការងារបានចុះយកសំណាកទឹកចំនួន៣ទីតាំងគឺនៅផ្នែកខាងក្រោយសហគ្រាស ផ្នែកខាងលើខ្សែទឹក និងផ្នែកខាងក្រោមខ្សែទឹកដើម្បីពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ជាមួយគ្នានោះក្រុមការងារបានណែនាំដល់ម្ចាស់សហគ្រាសត្រូវបង្កើនការដឹកជញ្ជូនសំណល់រាវ និងសំណល់រឹងយកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាព និងឆ្ងាយពីប្រជាពលរដ្ឋ ព្រមទាំងពន្លឿនការសាងសង់អាងប្រព្រឹត្តកម្មសំណល់រាវ។ តំណាងសហគ្រាសបានប្ដេជ្ញាអនុវត្តតាមការណែនាំរបស់ក្រុមការងារស្របតាមច្បាប់ និងគោលការណ៍បទដ្ឋានគតិយុត្តស្របតាមស្ដង់ដារកំណត់៕
នឿត សុភ័ក្រ្តមន្ទីរព័ត៌មានខេត្តបាត់ដំបង