វិទ្យុជាតិកម្ពុជា
សម្តេចមហាបវវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផលទេសចរណ៍តាមបណ្តាលខេត្តដងទន្លេ និងបានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ។
សម្តេចធិបតីហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបើកបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នៅខេត្តតាកែវ ក្រោមប្រធានបទ “ គុណតម្លៃនៃទន្លេ ៖ ផ្សារភ្ជាប់វប្បធម៌ និង ទេសចរណ៍ធម្មជាតិ ”នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។
សម្តេចបវរធិបតីបានថ្លែងថា ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត ក៌ដូចជាការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព ដោយបានបង្កើនឱកាសការងារប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោជន៍ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចទាក់ទាញការវិនិយោគផងដែរ។ បន្ថែមពីលើនេះទៀតគឺបានរួមចំណែកអភិរក្សវប្បធម៌ បរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយនិរន្តភាព។
«នៅក្នុងពិធី បុណ្យទន្លេលើកទី៩ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាបុណ្យលើកទី១ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ បានសហការជាមួយក្រសួង ពាក់ព័ន្ធ មន្ទីរ អង្គភាព រួមនឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់ បានចូលរួមសហការរៀបចំឱ្យមានព្រឹត្តិការណ៍នានា ដូចជា ការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកទីរួមខេត្តតាកែវ ក្រោមប្រធានបទ «សេរីភាពនៃការជិះកង់» កាលពីថ្ងៃទី៨ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូម៉ែត្រ ការដាំ ដើមឈើរួមគ្នា កីឡាប៉េតង់មហាជនកីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះ មហាជន បាល់ទាត់មិត្តភាព កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់គុនខ្មែរ និងការជិះទូកកាយ៉ាកជាដើម ដែលបានបើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបាន ចូលរួមលេងកម្សាន្តរីករាយក្រោមម្លប់ នៃសន្តិភាព》។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងលើកទី៩ ឆ្នាំ២០២៥ នៅលើទឹកដីខេត្តតាកែវ៕