វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ម៉ូត វ៉ោយហូរវិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង៖ គណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខលូ អភិបាលនៃគណៈភិបាលខេត្តបាត់ដំបង រួមជាមួយមន្ត្រី តាមបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូប បានអញ្ជើញចុះសុខទុក្ខ និងសំណេះសំណាល ជាមួយកងពលតូចថ្មើរជើងលេខ ៥៣ ព្រមទាំង កងការពារព្រំដែនលេខ ៥០២ និងវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ (៥២៣-៣១០) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៥ នៅទីបញ្ជាការ កងពលថ្មើរជើងលេខ ៥៣ ក្នុងភូមិសាស្ត្រស្រុក រតនៈមណ្ឌលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី គុជនាង មេបញ្ជាការ កងពលតូចថ្មើរជើង លេខ ៥៣ ជម្រាបដល់គណៈប្រតិភូ ថា នេះជាសកម្មភាពមួយ បញ្ជាក់ ឲ្យឃើញថា សមរភូមិមុខ និងសមរភូមិក្រោយ គឺនៅជិតគ្នាជានិច្ច។ លោកបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមផែនការ របស់ក្រសួងការពារជាតិ ក៏ដូចជាក្រសួង មហាផ្ទៃ អគ្គបញ្ជាការ អគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក យោធភូមិភាគទី ៥ និងស្នងការនគរបាលខេត្តបាត់ដំបង បណ្ដាកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងគណ:បញ្ជាការ ឯកភាពទិសទី ៣ យោធភូមិភាគទី ៥ បានខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ហើយក៏បានសហការ ការពារបូរណភាពទឹកដី ថែទាំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងអនុវត្តតាមបទដ្ឋានគតិយុត្ត ផ្សេងៗទៀត បានយ៉ាងល្អប្រសើរ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខលូ បានបញ្ជាក់ថា ឆ្នាំនេះសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លោកបានណែនាំឲ្យ គ្រប់រដ្ឋបាលរាជធានីខេត្ត ត្រូវរៀបចំសង្ក្រាន្ត ដើម្បីឲ្យប្រជាពលរដ្ឋយើង បានសប្បាយរីករាយ ដូច្នេះយើងត្រូវត្រៀម រៀបចំកម្មវិធីផ្សេងៗ ហើយក្នុងនោះក៏មានកម្មវិធី ចុះសួរសុខទុក្ខ មានដូចជាកុមារកំព្រា អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ហើយយើងក៏បានត្រៀមលក្ខណៈ ចុះសួរសុខទុក្ខ គ្រប់គោលដៅ ដែលនាយករដ្ឋមន្ត្រី បានដាក់ចុះមក។
ឯកឧត្តមក៏បានលើកឡើងទៀតថា ក្នុងនាម ថ្នាក់បញ្ជាការឯកភាព រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ដល់បងប្អូន កងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសកងកម្លាំងយោធភូមិភាគទី ៥ និងសហការីទាំងអស់ កន្លងមកនេះ កងកម្លាំងយើងបានចូលរួម ការពារ បង្រ្កាប បទល្មើស ធនធានធម្មជាតិ ជាបន្តបន្ទាប់។ សម្ដេចបវរធិបតី លោកបានបញ្ជាក់ច្បាស់ហើយថា រាល់សកម្មភាពនៃបទល្មើស គឺជាសត្រូវរបស់ប្រជាពលរដ្ឋយើង ដូច្នេះកងកម្លាំងទាំងអស់ ចូលរួមបង្ក្រាប ហើយប្រជាពលរដ្ឋយើងទាំងអស់ ក៏មានសិទ្ធិចូលរួមបង្ក្រាប តាមរយៈ ការរាយការណ៍ អំពីសកម្មភាពនៃបទល្មើស ដល់កងកម្លាំងរបស់យើង។
ឯកឧត្តមបានបញ្ជាក់ទៀតថា កន្លងមក ក៏ឃើញកងកម្លាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរបស់យើង នៅពាសពេញទន្លេ ក្នុងកិច្ចសហការជួយបង្ក្រាប បទល្មើសជលផល ហើយក្នុងកិច្ចការពារ ព្រៃឈើ មកឃើញមានសកម្មភាព ដូចគ្នាផងដែរ។ ចំពោះរឿងនេះ យើងត្រូវធ្វើជាប្រចាំ ហើយយើងក៏ឃើញដែរថា ឯកឧត្តមតាមក្រសួង ពាក់ព័ន្ធ និងលោកមេបញ្ជាការទាំងអស់ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត លោកបានដាក់បញ្ជាផ្ទាល់ ធ្វើយ៉ាងណា បង្ក្រាបបញ្ហានេះឲ្យបាន ហើយក្នុងនាម ប្រធានគណៈបញ្ជាការ រដ្ឋបាលឯកភាពខេត្ត គឺសូមប្ដេជ្ញាគាំទ្រ អនុវត្ត បទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ធិបតីហ៊ុនម៉ាណែត ឱ្យខាង តែបាន។ ឯកឧត្តមក៏មានសង្ឃឹមថា ក្នុងស្មារតីទទួលខុសត្រូវ របស់លោកមេបញ្ជាការទាំងអស់ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ទាំងអស់ផងនោះ យើងពិតជាទទួលបានជោគជ័យ ក្នុងទឹកដីខេត្តបាត់ដំបងរបស់យើង ទាំងគ្រប់សកម្មភាព នៃបទល្មើសផ្សេងៗ គឺមានការថយចុះ ដូច្នេះសូមឱ្យ កងកម្លាំងយើងទាំងអស់ ត្រូវខិតខំបន្តទៀត ដើម្បីប្រជាពលរដ្ឋ ក៏ដូច ជាកូនចៅជំនាន់ក្រោយរបស់យើង។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក៏បាននាំយកអំណោយ គ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង យើងទាំងអស់ផងដែរ៕