ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន អញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” នៅសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងពិធីដ៏មានតម្លៃនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ,សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ទាំងពីរគណៈតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ , ឯកឧត្តម លោកជំទាវ តំណាង ព្រឹទ្ធសភា រដ្ឋសភា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម លោកជំទាវ តំណាងអង្គទូតនានាប្រចាំកម្ពុជា , និងតំណាងក្រសួង-ស្ថាបន័ រដ្ឋ ឯកជននានា ។
បន្ទាប់ពី សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា យាង និមន្ត និងអញ្ជើញ អានព្រះរាជសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ដែលបានប្រារព្ធក្នុងគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ និងផ្សព្វផ្សាយគោលមាគ៌ាព្រះពុទ្ធសាសនាដើម្បីសន្តិភាពនៅ ក្នុងសង្គមជាតិនិងសាកលលោក។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងផ្ដល់អនុសាសន៍ដឹកនាំជាប្រចាំលើការលើកកម្ពស់សីលធម៌សង្គម ព្រមទាំងបានជំរុញឱ្យនាំយកទ្រឹស្តី និងរបៀបប្រតិបតិ្តខាងផ្នែកព្រះពុទ្ធសាសនា ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យបានទូលំទូលាយ ដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយព្រះធម៌។
ដូច្នេះ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងធម្មការនិងសាសនាក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ទាំងក្នុងប្រទេសនិងសកលលោក បង្ហាញពីការរីកចម្រើនខាងបច្ចេកវិទ្យាបាននាំមកទាំងកាលានុវត្តភាពផង និងការប្រឈមផង ជាក់ស្ដែងព្រះពុទ្ធសាសនា កំពុងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា បម្រើឱ្យគោលដៅទំនាក់ទំនង ការអប់រំ ការផ្សព្វផ្សាយអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ការលើកកម្ពស់សីលធម៌សង្គម និងការកសាងសហគមន៍ប្រកបដោយសន្តិសហវិជ្ជមាន។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បន្ថែមថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីធម៌ដ៏ទូលំទូលាយ និងស្និទស្នាល ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ទន់ភ្លន់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំ និងផ្តល់នូវសិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ជាកាលានុវត្តភាពដ៏ល្អសម្រាប់ការអភិវឌ្ឍព្រះពុទ្ធសាសនា និងការចូលថែរក្សាសន្តិភាព។ ក្រសួងធម្មការនិងសាសនា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតលើអាទិភាពសំខាន់ៗគឺ ៖ ១-ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេសពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋ ជួយផ្សព្វផ្សាយនិងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ២-ណែនាំនិងត្រួតពិនិត្យអង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋ និងប្រតិបត្តិជំនឿសាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន ៣-លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការផ្ដល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ៤- រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់។
ក្នុងឱកាសដ៏មហាជ័យមង្គល រំលឹកនូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាននូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ
ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនសម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះមន្រ្តីសង្ឃ ដើម្បីចម្រើន ព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ បានយាងសោយសុខក្នុងព្រះសុគតិភព និងបានគង់ប្រថាប់ក្នុងសម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន្ត ជាឋានបរមសុខដ៏ប្រសើរ៕