វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ មេសា ២០២៥
អន្តរជាតិ៖ យោងតាមក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រធានាធិបតីចិន លោក Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅថ្ងៃទី ១៤-១៨ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ក្រសួងការបរទេសចិនបាននិយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា លោក Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងហាណូយពីថ្ងៃទី ១៤-១៥ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងប្រធានរដ្ឋវៀតណាម។ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា មេដឹកនាំចិននឹងធ្វើទស្សនកិច្ចនៅទីក្រុងកូឡាឡាំពួរ និងរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីស្កានដារ និងព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី។ គួរបញ្ចាក់ថា វៀតណាម ម៉ាឡេស៊ី និងកម្ពុជា គឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលទំហំពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើង ៧,៨% ក្នុងឆ្នាំ ២០២៤ ក្នុងចំនួន ៩៨២,៣៣ ពាន់លានដុល្លារ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ចិននៅក្នុងអាស៊ាន ដែលមានចំនួនប្រហែល ២៧% នៃទំហំពាណិជ្ជកម្មសរុបរវាងចិន និងអាស៊ាន៕